ព័ត៌មានជាតិ

សប្បុរសជននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ និងពិការ កំពុងខ្វះខាត ក្នុងកាលៈទេសៈកូវីដ-១៩ នៅខេត្តកំពង់ធំ

image

អត្ថបទ ៖កែម  ចិន្តា 

កំពង់ធំ៖  ប្រជាពលរដ្ឋ ៥គ្រួសារ ដែលមានជីវភាព លំបាកខ្វះខាត និងមានពិការភាព នៅក្នុងកាល:ទេស: ការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩  ស្ថិតនៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួល អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីសប្បុរសជន  នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

លោក  អ៊ូ ស៊ុនហៀង តំណាងសប្បុរសជន បានថ្លែងថា ​អំណោយទាំងនេះជាទឹកចិត្តសប្បុរសជន​ដែលបានចែករំលែកទ្រព្យធនជួយគ្នាក្នុងគ្រាលំបាក​ ជាពិសេសក្នុងកំលុងពេលឆ្លងរីករាលនៃជំងឺកូវីដ-១៩ ហើយក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​កម្ពុជាដើម្បីជួយដោះស្រាយជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃមួយរយៈ។ 

ក្នុងឱកាសនេះដែរលោក អ៊ូ ស៊ុនហៀង  រួមទាំង អាជ្ញាធរបានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ការឆ្លង រីករាលដាលមេរោគកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕