ព័ត៌មានជាតិ

សិប្បកម្មកែច្នៃត្រីទីឡាព្យា គ្រោងពង្រីកទុនបន្ថែម ១០លានដុល្លារ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

image

អត្ថបទ៖ យ៉ង សុភា

ភ្នំពេញ៖ ​សិប្បកម្មកែច្នៃផលត្រី​ទីឡាព្យា មួយកន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ​ គ្រោងពង្រីកទុនបន្ថែម ១០លានដុល្លារ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋានបានឱ្យដឹងថា ការកែច្នៃត្រីទីឡាព្យារបស់ Cambodia Fresh Farm គឺស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែសិប្បកម្មនឹងពង្រីកផលិតកម្មកែច្នៃជាបន្តបន្ទាប់ធ្វើយ៉ាងណាឆ្លើយតបឱ្យបានតាមតម្រូវការទីផ្សារ។ បច្ចុប្បន្នសិប្បកម្មកែច្នៃនេះទទួលបានបច្ចេកទេសកែច្នៃផលត្រីទីឡាព្យាផ្ទាល់ពីអ្នកជំនាញជនជាតិជប៉ុន និងសម្ភារកែច្នៃផលត្រីពីក្រុមហ៊ុន SARAYA នៃប្រទេសជប៉ុន។ 

លោកបានឱ្យដឹងទៀតថា អនុវត្តតាមបច្ចេកទេសជប៉ុន ត្រី១ក្បាលអាចកែច្នៃបាន ១៤ប្រភេទមុខទំនិញ រួមទាំងស្រការត្រីក៏យកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាងសម្អាតត្រីក៏យកទៅធ្វើជីផងដែរ។ ដោយអនុវត្តតាមស្តង់ដារបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវល្អ ធ្វើឱ្យទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃរបស់កសិដ្ឋាន ជាក់ស្តែងការបញ្ជាទិញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែ ៥ខែដើមឆ្នាំ២០២១ ការលក់សាច់ត្រីកែច្នៃស្រស់បាន ៧តោន។ ដោយតម្រូវការមានការកើនឡើងទាំងទីផ្សារក្នុងស្រុក (ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើនទៀត) កសិដ្ឋាននឹងពង្រីកដើមទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ១០លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។ 

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ គ្រាដែលបានចុះពិនិត្យសិប្បកម្មនេះនៅថ្ងៃទី១០ ខែមិនថុនា បានសម្តែងនូវសុទិដ្ឋនិយមថានឹងអាចទទួលបានជោគជ័យដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:ស្ថានទូត និងអង្គការ JICA និងជាពិសេសទីផ្សារប្រទេសជប៉ុន។ គម្រោងចុះទុនវិនិយោគបន្ថែម ១០លានដុល្លារសម្រាប់ពង្រីកខ្សែចង្វាក់ផលិតកម្មកែច្នៃ។ 

លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថានាពេលអនាគតដ៏ខ្លី វិស័យវារីវប្បកម្ម (ការចិញ្ចឹមត្រីនិយាយជារួម និងជាពិសេសការចិញ្ចឹមត្រីទីឡាព្យានិយាយ ដោយឡែក នឹងមានការរីកចម្រើនតាមរយ:ការចងក្រងបណ្តុំផលិតការអនុវត្តបច្ចេកទេសចិញ្ចឹមស្របតាមស្តង់ដារទីផ្សារតម្រូវ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ 

សូមបញ្ជាក់ថា គម្រោងនេះក៏បានបើកទូលាយដោយភាពរីករាយនឹងសហការចែករំលែកបទពិសោធបច្ចេកទេសចិញ្ចឹម និងការកែច្នៃជាមួយប្រជាកសិករពីគ្រប់មជ្ឈដ្ឋាន ឬចង់សហការផ្គត់ផ្គង់ត្រី៕