ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីមោទនភាព ដែលកម្ពុជាមានការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូង

image

ភ្នំពេញ៖ តាមរយៈសារលិខិតជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា កម្ពុជាដែលដូនតាយើងបានប្រសិទ្ធនាមថា  ទឹកដីសុវណ្ណភូមិ គឺជាទឹកដីដ៏វិសិដ្ឋ ព្រោះជាទឹកដីពោរពេញដោយកំណប់ទ្រព្យជាច្រើនប្រភេទ។ ថ្ងៃនេះ ជាសក្ខីភាពថ្មីបានលេចចេញជារូបរាងឡើងហើយ។

សម្តេចតេជោបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំមានមោទនភាព សូមជម្រាបជូនជនរួមជាតិនូវការប្រកាសដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ»។ 

ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្រ្តាលីទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្តាលសម្រេចដែលមានអត្រាមាស៩០% (Gold Doc Bars)។ តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣ (បី)តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះរាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលា និងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌសេដ្ឋកិច្ច និងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។ មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ១៨៥ (មួយរយប៉ែតសិបប្រាំ) លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ (សែសិប) លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានឹងសក្តានុពលនេះ សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកផងដែរថា អាជីវកម្មរ៉ែមាស ជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិតប្រាកដ។ ដូចដែលបានរៀបរាប់ពីប្រវត្តិនៃការវិនិយោគខាងលើ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការឧស្សហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថា វាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ។ អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្មទ្រង់ទ្រាយតូចៗបែបនេះក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ។ ផ្ទុយទៅវិញអាជីវកម្មប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាន និងគ្រោះថ្នាក់ផ្សេងៗទៀតផង។ 

ក្នុងឪកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យជនរួមជាតិលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារ ឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។ ស្របជាមួយការចាប់ផ្តើមនៃអាជីវកម្មរ៉ែមាសខ្នាតឧស្សាហកម្មតាមស្តង់ដារអន្តរជាតិជាលើកដំបូងនៅកម្ពុជា ប្រតិបត្តិការធនធានរ៉ែនៅតំបន់អូរខ្វាវ នឹងបង្កើតបានជាគំរូមួយសម្រាប់នាំមុខដល់ការ

ធ្វើអាជីវកម្មធនធានរ៉ែដទៃទៀត ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។ 

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងទឹកចិត្តរំភើបរីករាយឥតឧបមា ដោយការចែករំលែកនូវសមិទ្ធផលដ៏ធំធេង និងមោទនភាពជាតិនៃទឹកដីសុវណ្ណភូមិជាទីស្នេហា ជាមួយនឹងព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិកម្ពុជាគ្រប់រូប ព្រមទាំងសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលបានផ្តល់យុត្តិធម៌ និងការគាំទ្រប្រកបដោយទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធជូនដល់គណបក្សប្រជាជនកម្ពុជា និងដល់សម្តេច ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍ ដែលបាននាំមកជូនប្រជាជនកម្ពុជាទាំងមូលនូវសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបានជាច្រើនរាប់មិនអស់ រួមទាំងការប្រកាសអំពី ការដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរីនេះផងដែរ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ