ព័ត៌មានជាតិ

ស្ត្រីដែលគេសង្ស័យថាមានស្មារតីវិបល្លាសម្នាក់ បង្កាត់ភ្លើងដាំបាយ បណ្តាលឲ្យឆាបឆេះផ្ទះ៤ខ្នង

image

អត្ថបទ៖ ជា ស្រស់

ខេត្តសៀមរាប៖ ស្ត្រីដែលគេសង្ស័យថាមានស្មារតីវិបល្លាសម្នាក់ បង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះដែលទុកចោលមួយកន្លែង បណ្តាលឲ្យឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ឆ្លងដល់ផ្ទះជាប់របងចំនួន៣ខ្នងទៀត។

ហេតុការណ៍ភ្លើងឆេះផ្ទះទុកចោលនោះបានកើតឡើងនៅវេលាម៉ោង១៥:២៨នាទីរសៀល ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុមទី៣ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ទុត ខុន ស្នងការរងទទួលផែនបង្ការពន្លត់ និង សង្គ្រោះ នៃស្នងការខេត្តសៀមរាប ប្រាប់ទូរស័ព្ទ នៅល្ងាច ថ្ងៃទី១០ ខែ មិថុនាឆ្នាំ២០២១ នេះថា ករណីភ្លើងឆេះផ្ទះក្នុងដីឡូត៍មួយកន្លែង ដែលទុកចោលនោះ មានទំហំ ៥ ម. គុណ ៥ ម. ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំង ស័ង្កសី ត្រូវបានភ្លើងឆេះគ្មាន សល់ សំណាងល្អ គ្មានអ្នករងរបួស ប៉ុន្តែ រាលដាលឆ្លងដល់ផ្ទះអ្នកជិតខាង អស់ចំនួន៣ខ្នង។ 

លោកបានបន្តថា ជនបង្ក ឈ្មោះ បូ សុធាវី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មានសតិមិនគ្រប់ បានបង្កាត់ភ្លើងដាំបាយ ក្នុងបរិវេណ ផ្ទះក្នុងដីឡូត៍ ដែលគេទុកចោល របស់ ឈ្មោះ សេង ហួត ភេទប្រុស អាយុ៦៣ឆ្នាំមុខរបរលក់ម៉ូតូហុងដា ផ្លូវជាតិលេខ៦ ក្នុងក្រុមទី៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកម្ចាស់ផ្ទះដែលខូចខាតដោយសារអគ្គិភ័យបំផ្លាញនោះ មាន ចំនួន៣គ្រួសារ  ម្ចាស់ ទី១ / ឈ្មោះ វ៉ាញ សុខ លក្ខិណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ លក់គ្រឿងសំណង់ យី ហោ មហាលាភ (ខូចខាត អស់ជញ្ជាំងខាងក្រោយ និង ពិដាន ប្រមាណ៣០% នៃតួផ្ទះ)។ ម្ចាស់ផ្ទះ ទី២/ ឈ្មោះ អ៊ា សោម ធារ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ យីហោ ប៊ុន ធឿន(ខូចខាត អស់ជញ្ជាំងខាងក្រោយ និង បណ្តាញ ទុយោទឹក ប្រមាណ១០%)។ ម្ចាស់ផ្ទះ ទី៣/ ឈ្មោះ តាន់ ផេង ភេទប្រុស អាយុ៤៤ឆ្នាំ អនិជន រស់នៅប្រទេសកាណាដា បានជួលឲ្យ ខាងធនាគារ(ខូចខាតអស់ជញ្ជាំងខាងកើត នៃតួផ្ទះ ប្រមាណ៣០% )៕