ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់មនុស្ស

image

ភ្នំពេញ​៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា    បានច្រានចោល ទាំងស្រុង នូវអត្ថបទព័ត៌មានដែលបានចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និងទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយ អត្ថបទលើកឡើងពី ប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវីដ-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្ស ព្រមទាំង អាចបណ្តាលឱ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្ដាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើមព្រោះខួរក្បាលបេះដូងនិងសួតមិន អាចទទួលបានអុកស៊ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជា ព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្ដាប្រទេសនៅលើសកលលោក បាន និងកំពុងរងគ្រោះ ដោយការរាតត្បាត ពីវីរុសកូវីដ-១៩ ។

ក្រសួងសុខាភិបាល សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅតែពន្យល់ថាជំងឺ កូវីដ-១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ ព្យាបាលជាក់លាក់ណាមួយនោះឡើយ ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមកុំបន្តចែកចាយនូវអត្ថបទ ព័ត៌មានដែលមានខ្លឹមសារដូចបានជម្រាបជូនខាងលើនេះឱ្យសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពី ការឆ្លងវីរុសកូវីដ-១៩ ព្រមទាំងជម្រុញលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ឱ្យបន្តការទទួលខុសត្រូវរបស់ខ្លួនលើកិច្ចការពារជំងឺដ៏កាចសាហាវនេះ ហើយត្រូវរៀនរស់នៅជាមួយនឹងវត្តមានវីរុសកូវីដ-១៩ ឱ្យស្របតាមរបត់នៃ ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់យកនូវការអនុវត្តន៍ ៣ការពារ(ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅ កន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងនាំគ្នាស្ម័គ្រចិត្តទៅទទួលការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនដែលត្រូវចាក់ ឲ្យបានគ្រប់គ្នាសម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ 

ដោយ​៖​ គង់​  វណ្ណៈ​