ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យអភិបាលខេត្តជាប់ព្រំដែនវៀតណាមពង្រឹងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ប្រភេទថ្មី

image

អត្ថបទ៖ឃឹម វិសាល

ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដាក់បញ្ជាទៅដល់ អភិបាលខេត្តជាប់ព្រំដែនវៀតណាមទាំងអស់ ត្រូវពង្រឹងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ប្រភេទថ្មី។

យោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង  ដែលទើបទទួលបាននៅថ្ងៃទី ១០ មិថុនានេះ បានណែនាំទៅដល់គណៈ អភិបាលខេត្ត និងប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តជាប់ ព្រំដែន ជាមួយប្រទេសវៀតណាមត្រូវសម្របសម្រួល និងទំនាក់ទំនងជាមួយ អភិបាលខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំដោយផ្ទាល់ តែអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ឬកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពនៅតាម តំបន់ ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នាំមនុស្សឆ្លងដែនដោយខុសច្បាប់ ការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅតាមតំបន់ព្រំដែននៃខេត្តនីមួយៗ ព្រមទាំងលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងការ ផ្លាស់ប្តូរទំនិញកសិផល គ្រឿងឧបភោគ បរិភោគ នៅតាមតំបន់ព្រំដែន សំដៅរួមគ្នាដោះស្រាយ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋបាលខេត្ត ត្រូវធ្វើ របាយការណ៍ ជាលាយលក្ខណ៍អក្សរអំពី លទ្ធផលនៃកិច្ចប្រជុំជូនមកក្រសួងមហាផ្ទៃកុំបី ខាន ។ 

លោកអភិបាលខេត្តពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងអនុវត្តឱ្យបានតឹងរ៉ឹង និងម៉ឹងម៉ាត់នូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយ ខុសច្បាប់ ឱ្យមានប្រសិទ្ធភាពតាមស្មារតីនៃ សេចក្តីណែនាំ លេខ ០១៦ ចុះ ថ្ងៃ ពុធ ទី ២៨ ខែមេសា ឆ្នាំ ២០២១ របស់ក្រសួងមហាផ្ទៃ។ 

ជាមួយគ្នានេះក៏ត្រូវបន្តជំរុញ អប់រំ ណែនាំ និង ផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនឱ្យ បង្កើនការប្រុងប្រយ័ត្នការពារខ្លួន ស្របតាម វិធានការរបស់ក្រសួងសុខាភិបាល និងវិធានការការពារ៣កុំរបស់សម្តេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដើម្បី កុំឱ្យ មាន មេរោគ កូវីដ១៩ ឆ្លងមកលើបុគ្គល និងសហគមន៍ មូលដ្ឋាន ៕