ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់ការពង្រឹងសមត្ថភាព តាមរយៈការផ្ដល់អាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលនានាដល់មន្រ្តីក្រសួងមហាផ្ទៃ

image

អត្ថបទ៖ឃឹម វិសាល

ថ្វីដ្បិតតែមានបញ្ហាប្រឈមដោយជំងឺកូវីដ១៩ ក៏ប៉ុន្តែរដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់ការពង្រឹងសមត្ថភាព តាមរយៈការផ្ដល់អាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលនានាដល់មន្រ្តីក្រសួងមហាផ្ទៃ។នេះបើតាមឲ្យដឹងក្នុងជំនួបពិភាក្សាការងាតរវាងសម្ដេចក្រឡាហោម ស ខេង និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូក ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក្នុងថ្ងៃនេះ។

ក្នុងជំនួបនោះ លោកឯកអគ្គរាជទូតជប៉ុនបានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពប្រកបដោយភាពល្អប្រសើរលើការងារបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្ស ដោយបានជម្រាបសម្ដេចក្រឡាហោមថា ថ្វីដ្បិតតែមានបញ្ហាប្រឈមដោយជំងឺកូវីដ១៩ ក៏ប៉ុន្តែរដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់ការពង្រឹងសមត្ថភាព តាមរយៈការផ្ដល់អាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលនានាដល់មន្រ្តីក្រសួងមហាផ្ទៃ ។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូតជប៉ុនក៏មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយថែមទៀតដើម្បីធ្វើយ៉ាងណាបន្តបណ្ដុះបណ្ដាលធនធានមនុស្សល្អៗឱ្យក្លាយជាមន្រ្តី និងថ្នាក់ដឹកនាំវ័យក្មេងសម្រាប់ចូលរួមក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ ស្របតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដែលសម្ដេចក្រឡាហោមជាប្រធានទទួលដឹកនាំកិច្ចការនេះ ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីរីករាយចំពោះគោលបំណងរបស់ជប៉ុន ក្នុងការបន្តជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងសូមសំណូមពរដល់រាជរដ្ឋាភិបាលជប៉ុនបន្តជួយគាំទ្រដល់ផ្នែកនេះទៀត ដើម្បីឱ្យស្របតាមតម្រូវការនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចំរើន ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាពកន្លងមកនៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងបានលើកឡើងថា នៅក្នុងឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងត្រូវប្រារព្ធធ្វើនៅព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ជាតិដូចជាការបោះឆ្នោតជាដើម។

សម្ដេចក្រឡាហាមក៏បានជម្រាបជូនលោកឯកអគ្គរាជទូត ដែលថាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការរយៈពេល១០ឆ្នាំបន្តទៀត ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ខ្លួន ដែលដំណាក់កាលនេះ ជាដំណាក់កាលដ៏មានសារៈសំខាន់ ត្រូវផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសធនធានមនុស្ស ។ 

សម្ដេចក្រឡាហោម ស ខេង  បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយនានាដែលរដ្ឋាភិបាលជប៉ុនបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនោះរាប់ទាំងជំនួយផ្នែកសុខាភិបាល ការផ្ដល់កម្ចីសម្រាប់អនុវត្តគោលនយោបាយសង្គម និងការជួយគាំទ្រដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងក្រសួងមហាផ្ទៃផ្ទាល់៕