ព័ត៌មានជាតិ

អគ្គីភ័យបានឆេះសិប្បកម្មផលិតចង្កឹះមួយកន្លែងនៅខេត្តព្រះវិហារ

image

(ព្រះវិហារ )៖ នាព្រឹកសុក្រ ទី ២៤ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០៧ និង ១៥ នាទីព្រឹក មានករណីឆាបឆេះមួយ បានកើតឡើងនៅទីតាំងសម្ងួតចង្កឹះ ដែលមានផ្លាកយីហោ សប្បកម្មផលិតចង្កឹះព្រះវិហារ ។

កម្លាំងជំនាញបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាមៗ កម្លាំងជំនាញបានចេញរថយន្តទៅជួយអន្តរាគមន៍ពន្លត់ចំនួន ០២ គ្រឿង ស្មើ ៩០០០ លីត្រ ទើបគ្រប់គ្រងបាន ។

ក្នុងហេតុការណ៍អគ្គីភ័យនេះ បានបណ្តាលឱ្យកន្លែងសំងួតចង្កឹះត្រូវរងការឆាបឆេះមានទំហំទទឹង ១០ ម៉ែត្រ បណ្តោយ៥ ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំង ស័ង្កសី ខូតខាតសម្ភារះដូចជា ចង្កឹះ ១តោនកន្លះ និងឧបករណ៍សំរាប់សម្ងួតចង្កឹះមួយចំនួន។

តាមការបញ្ជាក់ពីនគរបាលបង្ការ និង ពន្លត់អគ្គីភ័យ នៃ ស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ បានឱ្យដឹងថា សប្បកម្មផលិតចង្កឹះព្រះវិហារ ដែលរងការឆាបឆេះនេះ មានម្ចាស់សប្បកម្មឈ្មោះ រីម រ៉េត ភេទស្រី អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិ ហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយមូលហេតុដែលបណ្តាលឱ្យមានការឆាប់ឆេះគឺបណ្តាលមកពី លិចធ្លាយបំពង់សម្ងួត ៕