ក្រសួងអប់រំព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកបង្ហោះវិញ្ញាសារនិងអត្រាកំណែបាក់ឌុបលើបណ្តាញសង្គម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានព្រមានដល់ម្ចាស់គណនីហ្វេសប៊ុកឯកជនមួយចំនួន ដែលបានបង្ហោះចែករំលែកវិញ្ញាសា និងអត្រាកំណែ មុខវិជ្ជានៃការប្រឡងសញ្ញបត្រធម្យមសិក្សាចំណេះទូទៅ និងបំពេញវិជ្ជា នាសម័យប្រឡងថ្ងៃទី២០ សីហា ឆ្នាំ២០១៨ ឱ្យបញ្ឈប់នូវសកម្មភាពទាំងនេះជាបន្ទាន់ បើមិនដូច្នេះទេ ក្រសួងនឹងសហការជាមួយសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ។


យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញនៅថ្ងៃទី២៧ ខែសីហានេះរបស់ក្រសួងអប់រំបានឱ្យដឹងថា នាពេលថ្មីៗនេះ មានការបង្ហោះ ចែករំលែកវិញ្ញាសានិងអត្រាកំណែមុខវិជ្ជានៃការប្រឡងបាក់ឌុប នៅតាមបណ្ដាញសង្គមFacebook ដែលការបង្ហោះនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ដំណើរប្រព្រឹត្ដទៅនៃការប្រឡងដែលកំពុងប្រព្រឹត្ដទៅយ៉ាងរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្ដិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។


ក្រសួងអប់រំ សង្កត់ធ្ងន់ថា ប្រសិនបើសកម្មភាពចែករំលែករាល់វិញ្ញាសា និងអត្រាកំណែនៅតែបន្ដក្នុងរយៈពេលដំណើរកំណែ ការស្រង់ បូកពិន្ទដោយកុំព្យូទ័រ ផ្ទៀងផ្ទាត់ពិន្ទុ មុនការប្រកាសលទ្ធផលផ្លូវការ មិនទាន់ត្រូវបានបញ្ចប់ ក្រសួង នឹងសហការ ជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្វែងរកម្ចាស់ទំព័រ ឬគណនីហ្វេសប៊ុកទាំងនេះ មកទទួលខុសត្រូវនូវទង្វើ របស់ខ្លួនតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។


សូមជម្រាបថា ក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផលគ្រោងប្រឡងបាក់ឌបុនៅល្ងាចថ្ងៃទី១១ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល មុននឹងប្រកាសលទ្ធផលសម្រាប់បណ្តាខេត្តទូទាំងប្រទេសនៅព្រឹកថ្ងៃទី១២ ខែកញ្ញាខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation