ព័ត៌មានជាតិ

ស្គេន អេន ហ្គូៈ ធនាគារឯកទេសវីង ចូលរួមជាមួយម៉ាស្ទ័រកាត ដើម្បីបង្កើនជម្រើសបង់ប្រាក់ដោយស្គេនកូដ QR នៅក្នុងប្រទេសកម្ពុជាដោយមិនប្រើសាច់ប្រាក់

image

នៅល្ងាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនម៉ាស្ទ័រកាត បានប្រកាសដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមទូរស័ព្ទចល័ត តាមរយៈការស្គេនកូដ QR នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការក្នុងភាពដៃគូជាមួយធនាគារឯកទេសវីង ស្របពេលដែលទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងផ្លាស់ប្តូរទៅជាសង្គមដែលមានការទូទាត់មិនប្រើសាច់ប្រាក់ ។ នេះ ជាការចូលរួមបន្ថែមទៀតរបស់ម៉ាស្ទ័រកាត ទៅលើភាពជាដៃគូ ដែលមានស្រាប់ជាមួយធនាគារឯកទេសវីង បន្ទាប់ពីដាក់ឲ្យដំណើរការកាតទូទាត់និម្មិតនៅលើទីផ្សារកាលពីខែមករា ក្នុងឆ្នាំនេះ។

តាមការស្រាវជ្រាវ ការប្រើប្រាស់សេវាទូរស័ព្ទចល័តនៅកម្ពុជា លើសកម្មភាពហិរញ្ញវត្ថុ ការដឹកជញ្ជូន និងបង់ថ្លៃទឹកភ្លើងបានកើនឡើងដល់ ៧៤ ភាគរយនៅឆ្នាំ ២០១៧ ដែលនេះពិតជាបង្ហាញយ៉ាងជាក់ច្បាស់ពីការពេញចិត្តរបស់អតិថិជនចំពោះសេវាឌីជីថលនេះ។ ជាមួយសេវាទូទាត់ប្រាក់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត អ្នកប្រើប្រាស់នៅកម្ពុជា នឹងអាចស្កេនកូដ QR និងដំណើរការទូទាត់ប្រាក់ពីទូរស័ព្ទដៃរបស់ពួកគេបានយ៉ាងងាយស្រួល។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងមានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនូវ ប្រព័ន្ធទូទាត់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត នៅក្នុងតំបន់នេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់វីង។ លោក ម៉ាឡូឡូស បន្ថែមថា ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីបំណងរបស់វីងក្នុងការបង្កើតប្រព័ន្ធបរិយាកាសនៃការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយភាពជោគជ័យ និងផ្តល់ជាចំនូលប្រចាំថ្ងៃសម្រាប់ ភ្នាក់ងារ ដៃគូសហការ សាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យម ម្ចាស់អាជីវកម្ម និងស្ថាប័ននានា ទាំងនៅទីក្រុង និងនៅតាមទីជនបទ។

លោកស្រី Winnie Wong នាយកប្រចាំប្រទេសរបស់ម៉ាស្ទ័រកាត ក្នុងតំបន់ឥណ្ឌូចិនបានមានប្រសាសន៍ថា "នៅពេលដែលប្រទេសកម្ពុជាឈានឆ្ពោះទៅរកយុគសម័យនៃប្រព័ន្ធឌីជីថល ការទូទាត់តាមអេឡិចត្រូនិកក៏គួរតែដើរទន្ទឹមគ្នាផងដែរ។ ការធ្វើការជាមួយ វីង ក្នុងការចូលរួមផ្លាស់ប្តូរទីផ្សារកម្ពុជាឆ្ពោះទៅរកសង្គមមួយនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។
លោកស្រីបន្ថែមថា បច្ចេកវិទ្យាស្គេនកូដ QR ជួយដល់អតិថិជន និងបណ្តាហាងជាដៃគូក្នុងតំបន់ ធ្វើប្រតិបត្តិការទូទាត់ប្រាក់ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព។ សេវាទូទាត់ប្រាក់តាមរយៈការស្គេនកូដ QR របស់ម៉ាស្ទ័រកាត គឺជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពសម្រាប់បណ្តាហាងអាជីវករ ដែលនឹងជួយពួកគេឱ្យរីកចម្រើនមុខជំនួញរបស់ពួកគេ ខណៈពេលដែលពួកគេអាចកាត់បន្ថយថ្លៃចំនាយផ្សេងៗទាក់ទងនឹងការកាន់កាប់សាច់ប្រាក់។

ប្រព័ន្ធស្គេនកូដ QR របស់ម៉ាស្ទ័រកាត ជាផ្នែកមួយនៃប្រព័ន្ធស្គេនកូដ QR ស្តង់ដាររបស់ EMVCo ដែលអនុញ្ញាតឲ្យបណ្តាហាងជាដៃគូ អាចទទួលធ្វើការទូទាត់តាមម៉ាស្ទ័រកាត ដោយមិនចាំបាច់ត្រូវការម៉ាស៊ីន POS។ អតិថិជនដែលមានម៉ាស្ទ័រកាតទាំងអស់ គ្រាន់តែស្កេនកូដ QR ប្រភេទEMVCo ដោយប្រើប្រាស់កម្មវិធីធនាគារនៅក្នុងទូរស័ព្ទដៃរបស់ពួកគេ នៅលើលេខកូដដែលដាក់តាំងនៅតាមហាងនានា។

ប្រព័ន្ធទូទាត់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត ផ្តល់ជូនសហគ្រាសធុនតូចនិងមធ្យម (SMEs) ជាមួយដំណោះស្រាយប្រតិបត្តិការសាមញ្ញនិងមានប្រសិទ្ធភាព។ ស្របតាមស្តង់ដារ EMVCo ទូទាំងពិភពលោក បណ្តាញអាជីវករ ត្រូវបានធានានូវប្រព័ន្ធឥតគិតថ្លៃនៃការទទួលបានការទូទាត់ពីអ្នកផ្តល់សេវាជាច្រើនក្នុងលក្ខណៈស្តង់ដារដោយប្រើកូដ QR រួមមួយសម្រាប់អតិថិជនរបស់ពួកគេទាំងអស់៕ ( អត្ថបទ អៀវ ឈៀងនី​)