យុទ្ធនាការផ្សព្វផ្សាយពីសិទ្ធជនពិការនៅតាមសហគមន៍រៀបចំធ្វើនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ យុទ្ធនាការផ្សព្វផ្សាយពីសិទ្ធជនពិការនៅតាមសហគមន៍ក្រោមប្រធានបទ « ពិការភាពមិនមែនជាបញ្ហារបស់ យើងនោះទេ អ្វីដែលជាបញ្ហានោះគឺឧបសគ្គដែលរារាំងពួកយើង » ត្រូវបានរៀបចំឡើងដោយអង្គការករុណាបាត់ដំបង នៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៨នេះ នៅឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្រោមការជួយឧបត្ថម្ភពីមូលនិធិនៃប្រទេស អាល្លឺម៉ង់ និង ប្រទេសកូរ៉េ ដែលមានការចូលរួមពីប្រជាពលរដ្ឋមកពីឃុំចំនួន៩ នៅក្នុងស្រុកបរិបូរណ៍ ។


លោក ពៅ ឈាន ប្រធានគម្រោងនៃអង្គការករុណាបាត់ដំបង ប្រចាំនៅខេត្តកំពង់ឆ្នាំង បានអោយដឹងថា យុទ្ធនាការផ្សព្វផ្សាយ សិទ្ធជនពិការនៅក្នុងសហគមន៍ ដែលធ្វើឡើងក្រោមប្រធានបទ « ពិការភាពមិនមែនជាបញ្ហារបស់យើងនោះទេ អ្វីដែលជាបញ្ហា នោះគឺឧបសគ្គដែលរារាំងពួកយើង » នាពេលនេះ ដោយសារយើងមើលឃើញថា នៅតាមសហគមន៍ មួយចំនួនមិនទាន់បាន យល់ដឹងពីសិទ្ធជនពិការបានទូលំទូលាយនៅឡើយនោះទេ។

យុទ្ធនាការដែលធ្វើឡើងនាពេលនេះ គឺជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពជាច្រើននៃគម្រោងសមត្ថភាពជនពិកា ដោយបង្កើនឱកាស អោយក្រុមជនពិការបានជួបជុំគ្នាជាមួយ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញអំពីកង្វល់របស់ពួកគាត់នៅក្នុងសហគមន៍និងខ្លួនគាត់ផ្ទាល់ ហើយយុទ្ធនាការនេះ គឺចង់អោយអាជ្ញាធរមូលដ្ឋានបញ្ចូលនូវបញ្ហានិងតម្រូវការរបស់បងប្អូនជនពិការ ពិសេសេកុមារពិការសតិបញ្ញាចូលទៅក្នុង ផែនការអភិវឌ្ឍន៍នានា ក្នុងសហគមន៍របស់គាត់ ។


លោកទុំ ឈៀត ប្រធានអង្គការករុណបាត់ដំបងបានអោយដឹងថា អង្គការករុណាបាត់ដំបង គឺជាអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល បង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៦ ដែលមានស្ថាបនិកជាជនជាតិអេស្បាញ ។ មកដល់ពេលនេះ អង្គការករុណាបាត់ដំបង បានអនុវត្តលើគម្រោងចំនួន៣ គឺ គម្រោងសមត្ថភាពជនពិការ គំរោងអប់រំ(អនុវត្តនៅខេត្តបាត់ដំបង) និងគំរោងអភវិឌ្ឍសហគមន៍ ។ គំរោងទាំងនេះគឺបានជួយដល់ពលរដ្ឋពិការ កុមារ យុវជន យុវនារី អ្នកជំងឺងាយរងគ្រោះ និង រងគ្រោះមកពីបុព្វហេតុផ្សេងៗ និង គ្រួសាររបស់ពួកគេនៅក្នុង សហគមន៍ ។


លោក ទុំ ឈៀត បានអោយដឹងទៀតថា យុទ្ធនាការនាពេលនេះ គឺពិតជាមានសារៈសំខាន់ ទាំងជនពិការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ ដើម្បីអោយបានកាន់តែយល់ច្បាស់អំពីសិទ្ធសំខាន់របស់ជនពិការ និង រួមគ្នាលុបបំបាត់នូវការរើសអើង គ្រប់រូបភាពមកលើជនពិការដោយលើកទឹកចិត្តដល់ជនពិការ តាមរយៈការបណ្តុះបណ្តាលជំនាញ បច្ចេកទេស វិជ្ជាជីវៈ និង ផ្តល់ឱកាសអោយពួកគាត់បានចូលរៀនតាមសាលាផងដែរ ដើម្បីអោយជនពិការមានសិទ្ធពេញលេញរស់នៅក្នុងសង្គម ។


លោកស្រី មាស សាម៉េត អភិបាលរងស្រុកបរិបូរណ៍ បានសំដែងនូវការគាំទ្រនូវសកម្មភាពបេសកកម្ម របស់អង្គការករុណា បាត់ដំបង ដែលសកម្មភាពនេះគឺបានឆ្លើយតបនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុការលុបបំបាត់នូវការរើសអើង មកលើជនពិការ និង បានផ្តល់ឱកាសដល់ជនពិការបានចូលរួមក្នុងការអភិវឌ្ឍន៍វិស័យនានាក្នុងសង្គមទៀតផង៕(អត្ថបទ៖ហ៊ឹង ចូច)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation