មនុស្ស៦នាក់ស្លាប់ និង៦០នាក់រងរបួសនៅក្នុងការវាយប្រហារលើទីស្នាក់ការកណ្តាលរបស់ការិយាល័យប្រធានាធិបតីនៅក្នុងរដ្ឋធានីសាណា
| ព័ត៌មានអន្តរជាតិ
SHARE



ទីភ្នាក់ងារព័ត៌មានរដ្ឋដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីបាននិយាយថា, ការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាមួយទៅលើទីស្នាក់ការកណ្តាលរបស់ការិយាល័យប្រធានាធិបតីនៅក្នុងរដ្ឋធានីសាណា ប្រទេសយេម៉ែនកាលពីថ្ងៃច័ន្ទបានសម្លាប់មនុស្សយ៉ាងតិច៦នាក់។


ទីភ្នាក់ងារព័ត៌មានរដ្ឋដែលបានចោទប្រកាន់កងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ការវាយប្រហារនោះដែលត្រូវបានរាយការណ៍ថាបានដាក់គោលដៅទៅលើការប្រជុំសម្ងាត់មួយរបស់ក្រុមមេដឹកនាំក្រុមឧទ្ទាមហ៊ូទី ក៏បានបណ្តាលឲ្យមនុស្សប្រហែល៦០នាក់ផ្សេងទៀតរងរបួសផងដែរ។
យោងតាមប្រភពសន្តិសុខ, ក្រុមមេដឹកនាំកំពូលៗដែលរួមមានប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ និងប្រធានគណៈកម្មាធិការបដិវត្តន៍ជាន់ខ្ពស់របស់ក្រុមឧទ្ទាមហ៊ូទីត្រូវបានគេជឿថា បានស្ថិតនៅក្នុងការប្រជុំនៅឯការិយាល័យប្រធានាធិបតីដែលត្រូវបានដាក់គោលដៅវាយប្រហារនោះ។


របាយការណ៍ជាច្រើនបាននិយាយថា ការវាយប្រហារនោះបានកើតឡើងនៅក្នុងពេលព្រឹក ក្នុងពេលដំណាលគ្នាជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសមួយទៀតទៅលើទីស្នាក់ការកណ្តាលក្រសួងការពារជាតិដែលត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី និងមានចម្ងាយប្រហែល១គីឡូម៉ែត្រពីភាគខាងកើតការិយាល័យប្រធានាធិបតី។


នេះគឺជាការវាយប្រហារដែលដាក់គោលដៅទៅលើក្រុមមេដឹកនាំកំពូលៗរបស់ក្រុមឧទ្ទាមជាលើកទី២ហើយនៅក្នុងរយៈពេល២សប្តាហ៍មកនេះ។
សូមរំលឹកថា កងកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានចូលធ្វើអន្តរាគមន៍ក្នុងជម្លោះនៅប្រទេសយេម៉ែនកាលពីខែមីនា ឆ្នាំ២០១៥ ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ពីអន្តរជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation