ព័ត៌មានអន្តរជាតិ

កេនយ៉ាកំពុងតស៊ូជាមួយទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងរយៈពេល២០ឆ្នាំមកនេះ

image

ប្រទេសកេនយ៉ាកំពុងតែតស៊ូជាមួយនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំមកនេះ ដែលបានសម្លាប់មនុស្សជាង១រយនាក់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងជាង២០ម៉ឺននាក់ទៀតត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។


តំបន់ Tana River County ដែលស្ថិតនៅក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេនោះមានប្រជាពលរដ្ឋរស់នៅប្រហែល៣៥ម៉ឺននាក់ ដោយក្នុងនោះមនុស្សប្រហែល៦ម៉ឺន៤ពាន់នាក់ហើយត្រូវបានជម្លៀសចេញ ហើយតួលេខនេះទំនងជានឹងកើនឡើងថែមទៀត ដោយសារតែការព្យាករណ៍អាកាសធាតុបានបង្ហាញថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ភ្នំ។
ប្រទេសកេនយ៉ារងគ្រោះដោយសារភ្លៀងតាមរដូវកាលជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះមានសភាពធ្ងន់ធ្ងរខ្លាំង។ ហើយវាថែមទាំងមានការលំបាកដើម្បីឲ្យជំនួយអាចចូលទៅដល់តំបន់ដាច់ស្រយាលមួយចំនួនទៀតផង។


មិនតែប៉ុណ្ណោះ ទឹកជំនន់ដែលឡើងខ្លាំងនោះបានបង្កឲ្យមានជំងឺគំរាមកំហែងដល់ប្រជាពលរដ្ឋ ដូចជាជំងឺអាសន្នរោគជាដើម រីឯក្រុមបុគ្គលិកសុខាភិបាលនៅក្នុងភូមិហ្គាលីលី (Galili) បានភៀសខ្លួនចេញអស់ហើយ។ ប៉ុន្តែកាកបាទក្រហមរបស់ប្រទេសកេនយ៉ាបានបង្កើតកន្លែងព្យាបាលមួយនៅជំរំបណ្តោះអាសន្នដែលស្ថិតនៅក្បែរភូមិនោះ។


បើទោះបីជាជំនួយបានចាប់ផ្តើមទៅដល់តំបន់ដាច់ស្រយាលមួយចំនួនដែលមនុស្សភាគច្រើនរងផលប៉ះពាល់ក៏ដោយ ប៉ុន្តែវាមិនទាន់លឿនគ្រប់គ្រាន់នៅឡើយទេ។
យោងតាមអង្គការសហប្រជាជាតិ ករណីជំងឺអាសន្នរោគជាង៣ពាន់ករណីត្រូវបានគេកត់ត្រានៅត្រឹមចុងខែមុន ខណៈដែលជំងឺគ្រុនចាញ់ក៏ជាការគំរាមកំហែងមួយផងដែរ៕

ព័ត៌មានទាក់ទង...