អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា គូសបញ្ជាក់ថា បុគ្គលណាដែលផលិត លក់ និងផ្សព្វផ្សាយផលិតផល ដែលមិនមានបិទសញ្ញាស្តង់ដារ ឬអាជ្ញាប័ណ្ណ នឹងត្រូវមានទោស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លោក ចាន់ បូរិន នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានមានប្រសាសន៍ថា នៅក្នុងមាត្រ៥៩ថ្មី នៃច្បាប់ស្តីពីស្តង់ដារកម្ពុជា ចែងថា បុគ្គលណា ដែលផលិត កែឆ្នៃ នាំចូល ចែកចាយ ផ្សព្វផ្សាយពាណិជ្ជកម្ម ឬក៏លក់ផលិតផល​ ដែលមិនមាន បិទសញ្ញាស្តង់ដារ ឬមិនមានអាជ្ញាប័ណ្ណ នឹងត្រូវពិន័យជាប្រាក់ពី២លានរៀល ទៅ២៤លានរៀល នឹង​ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ។


ព្រមជាមួយគ្នានោះ, លោកអគ្គនាយក ក៏បានអំពាវនាវ ស្ថានីយ៍វិទ្យុ ​ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ គ្រប់មធ្យោបាយទាំងអស់ កុំផ្សព្វផ្សាយ ​ពាណិជ្ជកម្ម នូវផលិតផលណា ដែលមិនមានច្បាប់អនុញ្ញាត ឬក៏មិនបានចុះបញ្ជី ឲ្យបានស្របច្បាប់នោះ​។


ការលើកឡើងនេះ លោក ចាន់ បូរិន បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាមួយ ស្តីពីការផ្សព្វផ្សាយ ច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេស ពាក់ព័ន្ធនឹងផលិតផលម្ហូបអាហារ សម្ភារសំណង់ អគ្គីសនី និងអេឡិចត្រូនិក និងសារធាតុគីមី​ នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ ដោយសិក្ខាសាលានេះ ក៏មានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងក្រុមអាជីវករផងដែរ។


លោក ចាន់ បូរិន ​បានមានប្រសាសន៍ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចាប់ផ្តើមកែលម្អ គុណភាពផលិតផលក្នុងស្រុក ដើម្បីប្រកួតប្រជែង ជាមួយនឹងផលិតផលនាំចូល ដោយផលិតផលរបស់កម្ពុជា ត្រូវតែមានគុណភាព និងសុវត្ថិភាព។ សិក្ខាសាលានេះ ធ្វើឡើង ក៏ដើម្បីលុបបំបាត់ ផលិតផលគ្មានគុណភាព និងសុវត្ថិភាព នៅតាមទីផ្សារផងដែរ។


គួរជម្រាបថា រហូតមកដល់ពេលនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានកំណត់បទប្បញ្ញតិបច្ចេកទេស ចំនួន១៤៨ ដែលក្នុងនោះរួមមាន ៖ សម្រាប់ផលិតផលអគ្គីសនី និងអេឡិចត្រូនិក ចំនួន១១៩, សម្រាប់ផលិតផលយាន្តយន្តចំនួន១៩ និងសម្រាប់ផលិតផលផ្សេងទៀត ចំនួន១០ ដូចជាម្ហូបអាហារ មិនមែនម្ហូបអាហារសំណង់។


បទប្បញ្ញតិបច្ចេកទេសទាំងនេះ បង្កើតឡើងក្នុងគោលបំណងការពារសុវត្ថិភាព សុខមាលភាព និងបរិស្ថាន ជាពិសេសនោះ គឺដើម្បីការពារសន្តិសុខសង្គម៕(អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation