ព័ត៌មានជាតិ

រាជធានីខេត្តនៅកម្ពុជានឹងកើនដល់ ២៧ បន្ទាប់ពីខេត្តថ្មី២ទៀតនឹងត្រូវបង្កើតឡើងនៅដើមឆ្នាំក្រោយ

image


(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ សំណើរសុំគោលការណ៏អនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីសិក្សាលទ្ធភាពរៀបចំបង្កើតខេត្តថ្មី ចំនួន២ទៀតនៅក្នុងប្រទេសកម្ពុជា។សំណើរសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ឯកភាព នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

តាមរយៈសំណើរសុំគោលការណ៏ សម្តេចក្រឡាហោមស ខេង ជំរាបជូនសម្តេចតេជោថា ខេត្តថ្មី ២ ដែលគ្រោងនឹង បង្កើតឡើងនោះ ខេត្តមួយនឹងកាត់ចេញពីខេត្តកណ្ដាល និងខេត្តមួយទៀត កាត់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្ដរតនគិរី។


ជុំវិញការបង្កើតខេត្តថ្មីចំនួន ២នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ធ្វើឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ។


សូមជំរាបថា បន្ទាប់ពីទទួលបានការឯកភាពពីសម្ដេចតេជោហ៊ុនសែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំ ជាបន្ដបន្ទាប់ ពីសម្ដេចតេជោ ហ៊ុន សែន។
តាមការបញ្ជាក់របស់សម្តេចក្រឡាហោមស ខេង ដដែលឱ្យដឹងទៀតថា ការសិក្សាស្រាវជ្រាវដើម្បីឈានទៅបង្កើតខេត្តថ្មីទាំង ២នេះ ឱ្យបានចប់សព្វគ្រប់នៅខែមករា ឆ្នាំ២០១៩ខាងមុខ។

សូមជម្រាបថា មកដល់ពេលនេះគេនៅមិនទាន់ដឹងថា ខេត្តថ្មីទាំង២នេះ នឹងត្រូវដាក់ឈ្មោះអ្វីទេ ប៉ុន្តែបើយោងតាមប្រវត្តិសាស្ត្រ កម្ពុជាដែលដកស្រង់ចេញពីឯកសារមហាបុរសខ្មែរ នៅក្រោយសម័យលង្វែក ក្នុងទឹកដីខេត្តកណ្តាលបច្ចុប្បន្នគឺធ្លាប់ មានខេត្តមួយ ឈ្មោះថាខេត្តវិហារសួគ៌ ហើយកាលពីសម័យនោះ ក៏មានខេត្តត្បូងឃ្មុំដែរ ហើយមកពេលនេះខេត្តត្បូងឃ្មុំ ក៏ត្រូវបានបង្កើត ឡើងវិញរួចហើយដែរ ដូចនេះខេត្តថ្មីដែលបំបែកចេញពីខេត្តកណ្តាល ត្រូវបានគេរំពឹងថា នឹងមានឈ្មោះថា ខេត្តវិហារសួគ៌ ។ ដោយឡែកខេត្តថ្មីមួយទៀតដែលនឹងត្រូវបំបែកចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្ដរតនគិរីនោះ ក៏មិនទាន់ច្បាស់ថា នឹងមានឈ្មោះអ្វីដែរ ប៉ុន្តែបើសិក្សាលើទីតាំងជាក់ស្តែងនៅចន្លោះនិងចំណុចកណ្តាលនៃស្រុកទាំងពីរ នេះ មានតំបន់ល្បីមួយឈ្មោះថា« ដាក់ដាំ» ដែលត្រូវគេទស្សន៍ទាយថា អាចជាឈ្មោះនៃខេត្តថ្មីនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះព្រះរាជណាចក្រកម្ពុជា មានរាជធានីខេត្តសរុបចំនួន២៥ ហើយបើបូកបន្ថែមខេត្តថ្មីចំនួន២ ដែលគ្រោងនឹងបង្កើតឡើងនោះ គឺកម្ពុជានឹងមានរាជធានីខេត្តកើនឡើងដល់ ២៧រាជធានីខេត្តនៅទូទាំងប្រទេស៕

ព័ត៌មានទាក់ទង...