ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានបន្តឡើងជាលើកទី៣ និងអូសបន្លាយយូរជាងបណ្តាឆ្នាំមុនៗ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនៅតែជាក្តីព្រួយបារម្មណ៍ និងកំពុងយកចិត្តទុកដាក់តាមដានជាប្រចាំពីសំណាក់ រដ្ឋបាលខេត្ត កំពង់ចាម មន្ទីរនិងស្ថាប័នពាក់ព័ន្ធ។


ចំពោះស្ថានភាពកំពស់ទឹកទន្លេមេគង្គនៅឆ្នាំនេះមានការខុសផ្លែកខ្លាំងពីបណ្តាឆ្នាំមុនៗ ដោយក្នុងឆ្នាំនេះទឹកទន្លេមេគង្គបាន អូសបន្លាយយូរ ហើយទឹកទន្លេបានឡើងហើយស្រក ស្រកហើយឡើងវិញជាលើកទី៣ហើយ បើគិតត្រឹមថ្ងៃនេះសម្រាប់ខេត្ត កំពង់ចាម ដោយកំពស់ទឹកដែលបានកើឡើងសារជាថ្មីនេះ បានឡើងដល់កំពស់១៥,៥៤ម៉ែត្រ លើសចំណុចប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ ហើយកំពស់ទឹកនាពេលនេះបើធៀបនឹងឆ្នាំកន្លងទៅទឹកមាន កំពស់ត្រឹម ១២,៦៣ម៉ែត្រ ប៉ុណ្ណោះ។


ទន្ទឹមនឹងទឹកទន្លេមេគង្គបានកើនឡើងនិងអូសបន្លាយយូរនេះបើយោងតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានបញ្ជាក់ថាគឺមានប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមចំនួន៣ម៉ឺន៦ពាន់គ្រួសារបានទទួលរងផលប៉ះពាល់ដោយសារទឹកទន្លេមេគង្គ និងមានមនុស្សចាស់និងកុមារតូចៗចំនួន១៦នាក់ហើយបានស្លាប់ដោយសារលង់ទឹក និង៤៩នាក់ផ្សេងទៀត ត្រូវបានសត្វអសិរពិសខាំ ឫចឹក។

នៅក្នុងរបាយករណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក៏បានបញ្ជាក់ទៀតថាជាមួយនឹងផលប៉ះពាល់ការរស់នៅ និងប្រកបមុខរបររបស់ប្រជាពលរដ្ឋដោយសារទឹកទន្លេមេគង្គ ក៏មានដំណាំស្រូវជាង៦ពាន់ហិកតា ដំណាំពោត ៤៦៩ហិចតា និងដំណារួមផ្សំជាង១ម៉ឺន៦ពាន់ហិកតាបានទទួលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គផងដែរ។

សម្រាប់ក្រុងកំពង់ចាមវិញមួយផ្នែកខ្លះនៃក្រុងក៏បានទទួលរងគ្រោះ ហើយកំណាត់ផ្លូវមួយចំនួនតាមមាត់ទន្លេ ត្រូវបានហាមឃាត់ មិនឲ្យឆ្លងកាត់ចំពោះរថយន្តធន់ធ្ងន់នោះទេក្នុងនោះរដ្ឋបាខេត្តក្រុង មន្ទីរធនធានទឹកក៏បានបំពាក់ម៉ាស៊ីន តូចធំជាច្រើនគ្រឿង ដើម្បីបូមទឹករំដោះចេញពីក្រុងចូលទៅទន្លេវិញ ដោយសារតែទឹកភ្លៀង និងទឹកនៅតាមប្រព័ន្ធលូមិនអាច ហូរចូលទៅកាន់ទន្លេដោយខ្លួនឯងបាន។

យ៉ាងណាក៏ដោយក្នុងនាមរដ្ឋបាលខេត្តកំពង់ចាមនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍ផ្សេងៗ ដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះ កុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ និងចាស់ជរា និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសនានា ចឹក ឫខាំ ជាដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation