នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន អំពាវនាវឲ្យគ្រប់បណ្ដាធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនត្រូវរៀបចំប្រព័ន្ធសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ គ្រប់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងរៀបចំប្រព័ន្ធសន្ដិសុខ សុវត្ថិភាពរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់​បន្ថែមទៀត។


ប្រធាននាយកដ្ឋានរូបនេះ ក៏បានណែនាំដល់គ្រប់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ត្រូវរៀបចំប្រព័ន្ធរោទិ៍ជាដំណឹងអាសន្ន ដើម្បីរាយការណ៍ទៅ ក្រុមហ៊ុនសន្ដិសុខដែលទទួលសេវាការពារ ឬដើម្បីផ្ដល់ដំណឹងបន្ទាន់ភ្លាមៗ ទៅកាន់កម្លាំងសមត្ថកិច្ចជំនាញ ងាយស្រួលចេញអន្ដរាគមន៍ នៅពេលមានហេតុការណ៍អ្វីកើតឡើង។


ការអំពាវនាវនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហានេះ ក្នុង​ឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី អញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦ ដែលមានសិក្ខាកាមមកពីបណ្ដាក្រុមហ៊ុនសន្ដិសុខ ប្រមាណ២០០នាក់។


ឯកឧត្តម ឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ​បានគូសបញ្ជាក់ថា តួនាទីសន្ដិសុខឯកជននេះ មានសារសំខាន់ណាស់ក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសគ្រឿងញៀន និងការពារសុវត្ថិភាព ដែលខ្លួនកំពុងឈរជើង ប៉ុន្ដែត្រូវតែមានសមត្ថភាពពេញលេញ ក្នុងកិច្ចការបង្ការ ទប់ស្កាត់បទល្មើសនេះ ប៉ុន្ដែភារកិច្ច និងដែនសមត្ថកិច្ចរបស់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ជាដាច់ខាត ដោយមិនត្រូវធ្វើលើសនោះឡើយ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ​ ក៏បានព្រមាន​ចំពោះក្រុមហ៊ុនសន្ដិសុខឯកជនណា ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ហើយនៅបន្ដធ្វើសកម្មភាពជ្រើសរើស ប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ទៀតនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់ជាធរមាន។ ដោយឡែក សម្រាប់សហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ដែលមិនទាន់មានច្បាប់អនុញ្ញាត ត្រូវតែរួសរាន់ក្នុងការសុំច្បាប់អនុញ្ញាតពី សាលារាជធានី-ខេត្តសាមីឲ្យបានឆាប់បំផុតជាពិសេស គឺក្រសួងមហាផ្ទៃតែម្តង។


សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ អគ្គស្នងការនគរបាលជាតិ បានធ្វើការបើកវគ្គបណ្តុះបណ្តាលជំនាញដល់ សន្តិសុខឯកជនគ្រប់ក្រុមហ៊ុនទាំងអស់ ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យជំនាញទប់ស្កាត់ និងការពារសន្តិសុខជូនដល់ក្រុមហ៊ុនសហគ្រាសរបស់ពួកគេឲ្យ​កាន់តែល្អប្រសើបន្ថែមទៀត ជាងនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះក៏ដើម្បីផ្តល់ភាពជំនាញ ក្នុងការសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ និងបទល្មើសផ្សេងៗទៀតផងដែរ៕(អត្ថបទ៖ ឃឹម វិសាល)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation