ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ​ មិនអនុញ្ញាតឱ្យនរណាម្នាក់មើលងាយ និងយកទឹកដី ទោះបីក្នុងរូបភាពណាក៏ដោយ

image

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា គោលគំនិតរបស់រាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន ដោះស្រាយបញ្ហាបូរណភាពទឹកដីដោយសន្តិវិធី ហើយក៏មិន
អនុញ្ញាតឱ្យនរណាម្នាក់មើលងាយនិងយកទឹកដី ទោះបីក្នុងរូបភាពណាក៏ដោយ។ ដូច្នេះនាយទាហានត្រូវត្រៀមលក្ខណៈការពារជាតិ ព្រោះនាយទាហាននេះហើយគឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។

ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះ សំណាល និងប្រគល់រង្វាន់ជូននិស្សិតពូកែរបស់វិទ្យាស្ថានទ័ពជើងគោក​ និងសាលានាយទាហានសកម្ម​ ឆ្នាំ២០១៧-២០១៨​ នៅក្រុងសំរោងខេត្ត
ឧត្តរមានជ័យ កាលពីថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តមបន្តថា ការកសាងសមត្ថភាពនៅក្នុងសាលានិងការសិក្សាស្វែងយល់ការងារជាក់ស្តែងនៅក្នុងអង្គភាពនេះហើយគឺជាគ្រឹះដ៏រឹងមាំសម្រាប់នាយទាហានក្នុងការការពារបូរណភាពទឹកដីនៅ
ជំនាន់នេះដើម្បីជំនាន់កូនចៅយើងជំនាន់ក្រោយ ព្រោះការពារជាតិការពារទឹកដីគឺដើម្បីទាំងអស់គ្នា។

សូមប្អូនៗសិក្ខាកាមនាយទាហានត្រូវបន្តការខិតខំប្រឹងប្រែងតទៅទៀតទាំងការសិក្សានៅក្នុងសាលានិងការសិក្សាស្វែងយល់បន្ថែមទៀតនៅតាមអង្គភាពកងទ័ពដើម្បីបំពេញភារកិច្ច បន្តវេនការពា
ជាតិ។ ការលះបង់ការខិតខំប្រឹងប្រែងជំនះរាល់ការលំបាក ត្រូវតែសម្រួចចិត្តនិងត្រូវតែធ្វើក្នុងនាមជានាយទាហានការពារទឹកដី ។ ទោះបីនាយទាហានធ្វើការនៅកន្លែងណាក៏ដោយត្រូវខិតខំប្រឹងប្រែង
បង្កើនសមត្ថភាពបំពេញភារកិច្ចក្នុងនាមជាកងទ័ព។ បង្កើនស្មារតីស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ ត្រូវប្ដេជ្ញាច្បាស់លាស់ក្នុងការការពារសន្តិភាព ស្ថិរ
ភាពនិងបូរណភាពទឹកដី។ សង្ឃឹមថាប្អូនៗនាយទាហានជំនាន់ក្រោយនឹងប្រកាន់គោលជំហរច្បាស់លាស់ទាំងនេះ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអរគុណចំពោះសិក្ខាកាមនាយទាហានដែលបានខិតខំប្រឹងប្រែងរៀនសូត្រហើយទទួលបានលទ្ធផលល្អ ដែលនេះគឺជាការចាប់យកឱកាសមាស
នៅក្នុងសាលាដើម្បីត្រៀមខ្លួនបន្តវេនជានាយទាហាននៅថ្ងៃមុខ។ នៅពេលនេះគឺជាពេលវេលាដ៏ល្អសម្រាប់ចាក់គ្រឹះដ៏រឹងមាំដើម្បីត្រៀមទទួលការងារបន្តវេននៅពេលអនាគត។

សំណូមពរឲ្យសិក្ខាកាមនាយទាហានទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ កត់ត្រា សិក្សាស្វែងយល់ ពីអង្គភាពទ័ព ពីទីតាំងភូមិសាស្ត្រតំបន់ប្រាសាទ តាមាន់តាក្របី នៅក្នុងដំណើរទស្សនកិច្ចសិក្សា
នៅខេត្តឧត្តរមានជ័យនាពេលនេះ៕(អត្ថបទ៖មួង សុវណ្ណារិទ្ធ )