ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងត្រូវបានជ្រើសរើសជាបេសកជនដែលត្រូវធ្វើដំណើរទៅកូរ៉េខាងជើង

image

កូរ៉េខាងត្បូង៖ ការិយាល័យប្រធានាធិបតីរបស់កូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃអាទិត្យថា ទីប្រឹក្សាសន្តិសុខជាតិលោក ជុង អ៊ីយយ៉ុង នឹងដឹកនាំគណៈប្រតិភូមួយទៅកាន់ក្រុងព្យុងយ៉ាងដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ។
អ្នកនាំពាក្យការិយាល័យប្រធានាធិបតី លោកគីម អ៊ីវជីហ្គីម បាននិយាយថា លោកទីប្រឹក្សាសន្តិសុខជាតិត្រូវអមដំណើរដោយមន្រ្តី ៤រូបផ្សេងទៀត រួមទាំងប្រធានផ្នែកសេវាស៊ើបការណ៍សម្ងាត់ជាតិ ដែលការធ្វើដំណើរនេះ គ្រោងធ្វើឡើងនៅថ្ងៃពុធខាងមុខ។

វត្តមានមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងទៅកាន់កូរ៉េខាងជើងនេះ កើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីភាព យឺតយ៉ាវក្នុងការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបសកូរ៉េខាងជើង បន្ទាប់ពីជំនួបកំពូលរបស់លោកប្រធានាធិបតីអាមេរិកលោក Donald Trump ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នៅប្រទេសសិង្ហបុរីកាលពីខែមិថុនា។

លោក Trump បានប្រកាសថា ជំនួបកំពូលនោះ ទទួលបានជោគជ័យ ហើយអះអាងថា បញ្ហានុយក្លេអ៊ែរនឹងត្រូវបានដោះស្រាយ ប៉ុន្តែចាប់តាំងពីពេលនោះមកមានការសង្ស័យជាទូទៅទៅលើឆន្ទៈរបស់លោកគីមក្នុងការបោះបង់ចោលនុយក្លេអ៊ែររបស់ខ្លួន។
ក្រុមអ្នកវិភាគជាច្រើនជឿថា ដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន មើលឃើញថា កូរ៉េខាងជើងមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាអំណាច ជាជាងការបោះបង់កម្មវិធីនុយក្លេអ៊ែរ។

គួរកត់សម្គាល់ដែរថា ការប្រកាសរបស់កូរ៉េខាងត្បូងស្តីពីការបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់កូរ៉េខាងជើងនេះដែរ ធ្វើឡើងបន្ទាប់ ពីលោក Donald Trump បានបញ្ជារអោយលុបចោលដំណើរទស្សនកិច្ចរបស់លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិកទៅកាន់ក្រុងព្យុងយ៉ាង ដោយលើកឡើងពីកង្វះវឌ្ឍនភាពនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែនៅតែបើក ចំហសម្រាប់កិច្ចពិភាក្សានាពេលអនាគត៕


ព័ត៌មានទាក់ទង...