គិតត្រឹមចុងខែសីហាឆ្នាំនេះ ពលករបរទេសមានប័ណ្ណការងារជាង១១ម៉ឺននាក់ និងបង់អាករជាង១១លានដុល្លារដល់កម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ គិតត្រឹមចុងខែសីហា ឆ្នាំ២០១៨ ពលករបរទេសធ្វើការនៅកម្ពុជា មានប័ណ្ណការងារចំនួនជាង១១ម៉ឺននាក់ និងបង់អាករបានជាង១១លានដុល្លារ ខណៈពលករបរទេស ដែលធ្វើការគ្មានប័ណ្ណការងារ ផាកពិន័យបានជាង១លានដុល្លារ។

ថ្លែងបែបនេះនៅក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «មកដល់បច្ចុប្បន្នគិតត្រឹម ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ពលករបរទេស ធ្វើការមានប័ណ្ណការងារកើនឡើងសរុបចំនួន ១១៨,២៨០នាក់ (បង់អាករបាន១១.៨២៨.០០០ដុល្លារ) ចំនួននេះកើនឡើងហួសពីការស្មាន ក្នុងនោះក៏បានរកឃើញពលករបរទេស ធ្វើការគ្មានប័ណ្ណការងារ ហើយផាកពិន័យបានជាង១លានដុល្លារផងដែរ»។

បើតាមមន្ដ្រីជាន់ខ្ពស់រូបនេះ មុនបង្កើតអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ពលករបរទេស ធ្វើការមានប័ណ្ណការងារប្រមាណ៤,០០០នាក់ប៉ុណ្ណោះ បើគិតថ្លៃបង់អាករបាន៤០០,០០០ដុល្លារ ដោយពលករបរទេស មិនទាន់ចាប់អារម្មណ៍គោរពច្បាប់អន្ដោប្រវេសន៍ និងច្បាប់ការងារបានច្រើនឡើយ។

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានគូសបញ្ជាក់ផងដែរថា ចំពោះការងារគ្រប់គ្រងជនអន្ដោប្រវេសន្ត រកឃើញមានការកើនឡើងពី៧ម៉ឺននាក់ ដល់ជិត២០ម៉ឺននាក់ ហើយបានបែងចែកប្រភេទច្បាស់លាស់ងាយស្រួល សុំគោលការណ៍ដោះស្រាយ។

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានឲ្យដឹងទៀតថា ក្នុងប្រភេទដែលស្មុគស្មាញជាងគេ គឺជនបរទេស ដែលកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី តែទោះជាយ៉ាងណា មកដល់ពេលនេះក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានដកហូតឯកសារទាំងនោះ បានប្រមាណ៨០ភាគរយហើយ

សូមជំរាបថា យោងតាមអនុក្រឹត្យលេខ១២៩ អនក្រ.ប្រក្រ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពី ការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់មិនប្រក្រតីរហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃបានដកហូតបានប្រហែល៨០ភាគរយហើយ ខណៈដែល ជនបរទេសដែលត្រូវដកហូតចោលឯកសារទាំងអស់នេះ គឺមានពីរជំរើសទី១ តម្រូវឲ្យត្រលប់ទៅវិញនិងជំរើសទី២ បើចង់ស្នាក់នៅយូរអាចឲ្យដាក់ពាក្យសុំក្លាយជាជនអន្ដោប្រវេសន៍ស្របច្បាប់៕​(អត្ថបទ ឃឹម វិសាល )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation