ព័ត៌មានជាតិ

ក្រសួងសាធារណការ ណែនាំឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវជាតិលេខ៣ពីចោមចៅទៅកំពត កែសម្រួលចំណុចខ្វះខាតមួយចំនួនមុននឹងដាក់ដំណេីរការបណ្តោះអាសន្ន

image

អត្ថបទ៖​ គិន ច័ន្ទពុទ្ធិ 

ភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន 

ណែនាំឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវជាតិលេខ៣ពីចោមចៅទៅកំពត កែសម្រួលចំណុចខ្វះខាតមួយចំនួនមុននឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅពេលឆាប់ៗនេះ។ 

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានណែនាំឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវជាតិលេខ៣ ដែលចេញពីចំណុចចោមចៅ នៅរាជាធានីភ្នំពេញ ទៅកាន់ខេត្តកំពត កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូចមុននឹងធ្វើការប្រគល់ និងទទួលរវាងក្រសួង និងក្រុមហ៊ុនសាងសង់។ 

ខណៈដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យកំណាត់ផ្លូវជាតិលេខនេះមុនធ្វើការប្រគល់-ទទួល និងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ននៅពេលខាងមុខ លោក ខាន់ ម៉ាណេរ ឱ្យដឹងថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។ 

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩ គីឡូម៉ែត្រ ដោយប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ និងអនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)៕