ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា ឯកភាពគ្នាពន្លឿនការនៃការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩

image

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា- កិច្ចសហប្រតិបត្តិការមេគង្គ-គង្គាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រម ទាំងបានលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអនុតំបន់មេគង្គ ដើម្បីឈានទៅសម្រេចឱ្យបាននូវសុខុមាលភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសសមាជិក។ អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ គម្រោង និងសកម្មភាពជាច្រើនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គ រួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន និងវប្បធម៌។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលជាសមិទ្ធផលមួយ ឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ជាអកុសល ឧស្សាហកម្មទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ- ១៩ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់សារមន្ទីរ។ ក្នុងន័យនេះ មានតែផែន ការស្តារឡើងវិញរបស់សារមន្ទីរ ដែលមានការគាំ ទ្រពីបណ្តាប្រទេសជាសមាជិកតែប៉ុណ្ណោះ ទើបអាចដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ហើយអាចឈានទៅរកភាពប្រក្រតីជាថ្មីឡើងវិញ។

ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមដឹកនាំកិច្ច ប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១១ ជាមួយលោកបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។

  លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្តេជ្ញាចិត្តច្បាស់ លាស់របស់ប្រទេសឥណ្ឌាក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងទទួលផលរហ័ស ចំពោះប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដោយបាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ដែលរួម ចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅ ក្នុងអនុតំបន់មេគង្គ និងបានថ្លែង អំណរគុណផងដែរចំពោះប្រទេសឥណ្ឌាដែលបានបង្កើននូវការផ្តល់ជំនួយសម្រាប់គម្រោងទទួល ផលរហ័សដល់កម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិកមេគង្គដទៃ ទៀតផងដែរ។

រដ្ឋមន្រ្តីទាំងអស់បានកោតសរសើរចំពោះការគាំទ្រគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសមេគង្គ-គង្គា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

ដោយយល់ច្បាស់អំពីបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្រ្តីទាំងអស់បានឯកភាពលើការធ្វើសិក្ខាសាលាជាក់ស្តែងដើម្បីឆ្ពោះទៅរកការពន្លឿនដំណើរការនៃការស្តារសេដ្ឋ កិច្ចសង្គម ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការជំរុញការផ្លាស់ប្តូរគំនិត ស្តីពីវិធីលើក កម្ពស់សុខភាពសាធារណៈ និងធានាបាននូវសន្តិ សុខសុខភាពក្នុងយុគសម័យក្រោយការរាតត្បាតកូវីដ-១៩ ជាពិសេសការអភិវឌ្ឍការ ស្រាវជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង។

នាឱកាសគម្រប់ខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (២០០០-២០២០) រដ្ឋមន្រ្តីទាំងអស់បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព រយៈ ពេល៤ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ២០១៩-២០២២។ ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏មានការបើកសម្ពោធឱ្យដំណើរការនូវគេហទំព័រ MGC និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាធនធានធម្មជាតិ សង្គម និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក។

គួរបញ្ជាក់ផងដែរថា ជំងឺរាតត្បាតកូវីដ-១៩ បានពន្យារពេលដល់ការប្រារព្ធខួបអនុស្សាវរីយ៍២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលបានគ្រោងរៀបចំនៅខែមេសា ឆ្នាំ២០២០ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប ប្រទេសកម្ពុជា។ រដ្ឋមន្រ្តីទាំងអស់បានសម្តែងក្តីសង្ឃឹមថា នឹងអាចរៀបចំព្រឹត្តិការណ៍អបអរសាទរក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលស្ថានភាពជំងឺ រាត ត្បាតកូវីដ-១៩ មានភាពប្រសើរឡើង។

រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ជំនួយរបស់ឥណ្ឌាដល់បណ្តាប្រទេសមេគង្គ ក្រោមគម្រោងទទួល ផលរហ័ស (Quick Impact Projects) នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងបានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ ២០១៥ គម្រោងចំនួន៣៨ បានបញ្ចប់ និង ៣០គម្រោងផ្សេងទៀតកំពុងអនុវត្ត។

កិច្ចប្រជុំបានបញ្ចប់ទៅ ជាមួយនឹងការអនុម័តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គាលើកទី១១ ជាមួយនឹងការចែកជូននូវរបាយការណ៍វឌ្ឍនភាព ស្តីពីផែនការសកម្មភាពនៃកិច្ចសហ-ប្រតិបត្តិការមេគង្គ-គង្គា (២០១៩- ២០២២) និងបញ្ជីគម្រោងទទួលផលរហ័ស នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ- គង្គា៕
ដោយ៖ វងសុភ័ក្ត្រ