ព័ត៌មានអន្តរជាតិ

ជំនន់ទឹកភ្លៀងសម្លាប់មនុស្សយ៉ាងហោចណាស់​ ២៥នាក់ក្នុងខេត្ត​ Henan ប្រទេសចិន

image

សាច់រឿង៖ក្រុមមន្ត្រីចិន​ កាលពីថ្ងៃពុធ បាននិយាយថា​ មនុស្សយ៉ាងហោចណាស់ ២៥នាក់បានស្លាប់នៅក្នុងខេត្តហឺណាន (Henan) ដែលបានរងគ្រោះដោយសារទឹកជំនន់ដ៏ធំ​ ខណៈដែលភ្លៀងធ្លាក់ថែមទៀតត្រូវបានព្យាករថានឹងកេីតមាននៅក្នុងខេត្តមួយនេះដែលស្ថិតនៅភាគកណ្ដាលប្រទេសចិន។ 

ពលរដ្ឋប្រមាណ ១០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីទីក្រុងហ្សេងចូវ (Zhengzhou) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម និងដឹកជញ្ជូនរបស់ខេត្តហឺណាន​ (Henan) ហេីយបណ្ដាញផ្លូវដែក​ និងផ្លូវថ្នល់ត្រូវបានបង្អាក់។ 

កម្រិតទឹកតាមទំនប់​ និងអាងស្តុកទឹកនានាបានឡើងដល់កម្រិតប្រកាសអាសន្ន ហើយកងទ័ពរាប់ពាន់នាក់បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនៅក្នុងខេត្តនេះ។

នៅក្នុងវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយ​ គេឃេីញផ្លូវថ្នល់ត្រូវបានទឹកជន់លិចក្នុងជម្រៅត្រឹមជង្គង់​ ហេីយស្ថានីយរថភ្លេីងក្រោមដីត្រូវបានទឹកជន់លិចដល់ដេីមទ្រូងនៅក្នុងទីក្រុងហ្សេងចូវ (Zhengzhou)។ 

ការិយាល័យអាកាសធាតុខេត្តហ្សេងចូវ​ (Zhengzhou) បានឲ្យដឹងថា​ កម្រិតទឹកភ្លៀងធ្លាក់ក្នុងរយៈពេល ៣ថ្ងៃកន្លងមកគឺមិនធ្លាប់កេីតមានទេនៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។

ភ្លៀងធ្លាក់ថែមទៀតត្រូវបានព្យាករថានឹងកេីតមាននៅទូទាំងខេត្តហឺណាន​ (Henan) ក្នុងអំឡុងពេល​ ៣ថ្ងៃទៅមុខទៀត​ ហើយកងទ័ពរំដោះប្រជាជនបានបញ្ជូនទាហាន​ និងបុគ្គលិកជាង ៥ពាន់៧រយនាក់ទៅជួយក្នុងប្រតិបត្តិការរុករក​ និងជួយសង្គ្រោះ។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា​ ដូចទៅនឹងបាតុភូតធម្មជាតិរលកកម្ដៅដែលបានវាយប្រហារអាមេរិក​ និងកាណាដានាពេលថ្មីៗកន្លងមក​ និងគ្រោះមហន្តរាយទឹកជំនន់ដ៏ធំនៅអឺរ៉ុបខាងលិចទឹកភ្លៀងដែរ,​ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសចិននាពេលនេះគឺពិតជាមានជាប់ទាក់ទងទៅនឹងការឡេីងកម្ដៅរបស់ភពផែនដី៕