ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន Johnson & Johnson បង្ហាញប្រសិទ្ធភាពតិចតួចប្រឆាំងនឹងវីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មីៗ

image

សាច់រឿង៖ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា វ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន ចនសុន​ អេន​ ចនសុន​ (Johnson & Johnson) ដែលតម្រូវឲ្យចាក់តែមួយដូសនោះ​ ប្រហែលជាមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មីៗដែលកំពុងឆ្លងរីករាលដាលនោះទេ។ 

ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យពេទ្យនៃសាកលវិទ្យាល័យ New York បានសន្និដ្ឋានយ៉ាងដូច្នេះ​ បន្ទាប់បានពីធ្វើតេស្តនៅមន្ទីរពិសោធន៍ទៅ លើសំណាកឈាមរបស់ក្រុមអ្នកស្ម័គ្រចិត្ត។ 

ប្រធានក្រុមអ្នកស្រាវជ្រាវនោះបាននិយាយថា វ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន ចនសុន​ អេន​ ចនសុន​ (Johnson & Johnson) មិនបានផ្ដល់ការការពារដូចគ្នាប្រឆាំងនឹងវីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មីៗទេ ខណៈដែលវ៉ាក់សាំងកូវីដ-១៩​ របស់ក្រុមហ៊ុន​ ហ្វាយហ្ស័រ​ (Pfizer) ឬ ម៉ូឌឺនណា​ (Moderna) ដែលតម្រូវឲ្យចាក់ពីរដូសនោះ​ ផ្ដល់ការការពារច្រើនជាង។

ការសិក្សាដែលត្រូវបានបង្ហោះតាមអនឡាញកាលពីថ្ងៃពុធនោះ នៅមិនទាន់ត្រូវបានក្រុមអ្នកស្រាវជ្រាវដូចគ្នាពិនិត្យមើលឡើងវិញទេ ហើយក៏មិនទាន់ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រដែរ។ ការសិក្សានេះក៏មិនបានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃវ៉ាក់សាំងនៅក្នុងប្រេីប្រាស់ជាក់ស្ដែងនោះដែរ។

ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវនេះ គឺស្រដៀងគ្នាទៅនឹងការសិក្សាផ្សេងៗទៀតដែលបានបង្ហាញថា វ៉ាក់សាំងដែលតម្រូវឲ្យចាក់តែមួយដូសដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន ចនសុន​ អេន​ ចនសុន​ (Johnson & Johnson) និងវ៉ាក់សាំងរបស់ក្រុមហ៊ុន​ អាស្ត្រាហ្សេណេកា​ (AstraZeneca) មិនបានផលិតអង្គបដិប្រាណគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងវីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មី ដែលតា (Delta) និង ឡាំដា (Lambda) ទេ។ 

វីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មី ដែលតា (Delta) ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាត្រូវបានរាយការណ៍ថា​ ឆ្លងខ្លាំងជាងវីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មីប្រភេទផ្សេងៗទៀត។ មជ្ឈមណ្ឌលគ្រប់គ្រង​ និងបង្ការជំងឺឆ្លងរបស់អាមេរិកបានឲ្យដឹងថា​ វីរុសកូវីដ-១៩​ បំប្លែងខ្លួនថ្មី ដែលតា (Delta) ឥឡូវនេះមានចំនួន ៨៣%នៃករណីឆ្លងថ្មីនៅក្នុងអាមេរិក៕