ព័ត៌មានជាតិ

កម្ពុជា​ ស្នេីសិង្ហបុរី ជួយផ្សព្វផ្សាយស្នាដៃដ៏ល្អក្នុងវិស័យចម្លាក់ ប្រាក់ ស្ពាន់ នៅឃុំកោះចិន ទៅកាន់ឆាកអន្តរជាតិ

image

អត្ថបទ៖​ គិន ច័ន្ទពុទ្ធិ
កណ្ដាល​៖​ លោកអភិបាលរងខេត្តកណ្តាលបានសុំឲ្យលោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជា ជួយផ្សព្វផ្សាយអំពីស្នាដៃដ៏ល្អក្នុងវិស័យចម្លាក់ ប្រាក់ ស្ពាន់ នៅឃុំកោះចិន ស្រុកពញាឮឲ្យបានទូលំទូលាយទៅកាន់ឆាកអន្តរជាតិ។

ការ​ស្នើរបស់លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១
ក្នុងឱកាសចូលរួមដំណើរជាមួយគណៈប្រតិភូទូតសិង្ហបុរីអញ្ជើញទស្សនកិច្ច និងស្វែងយល់អំពីសិប្បកម្មចម្លាក់ប្រាក់ និងស្ពាន់ នៅមជ្ឈមណ្ឌលសិប្បកម្មកោះចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីស្វែងយល់ពីផលិតផលទេសចរណ៍ក្នុងស្រុករបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍក្នុងតំបន់ ពិសេសគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តការទេសចរណ៍ក្នុងក្របខ័ណ្ឌអន្តរជាតិរវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែប្រសើរឡើងថែមទៀត។
      
លោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការរីករាយនៅពេលបាន មកដល់ភូមិនេះឃើញអ្នកភូមិចេះបង្កើតស្នាដៃឆ្លាក់លើប្រាក់ ស្ពាន់ និងលោហៈផ្សេងៗ ដោយប្រើដៃបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងស្រស់ស្អាត ។

ក្នុងគ្រានេះដែរលោកអភិបាលរងខេត្តកណ្តាល
បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតថា ប្រវត្តិនៃវិស័យចម្លាក់ប្រាក់-ស្ពាន់ នៅក្នុងឃុំកោះចិននេះគឺមានដើមកំណើតជាយូរមកហើយ ពិសេស ក្នុងសម័យឧដុង្គដែលព្រះមហាក្សត្រតាំងរាជធានីនៅភ្នំព្រះរាជទ្រព្យ ដូច្នេះហើយទើបបានជាភូមិសាស្ត្រនេះសម្បូរទៅដោយជាងទងដ៏ប៉ិនប្រសប់ និងមានទឹកដៃល្អៗជាច្រើនក្នុងការចម្លាក់ប្រាក់ និងស្ពាន់រហូតមកដល់បច្ចុប្បន្ន៕