ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុននៅអាហ្វ្រិកខាងត្បូងនឹងផលិតវ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizer

image

ប្រេតូរីយ៉ា៖ ក្រុមហ៊ុនឱសថ ហ្វាយហ្ស័រ (Pfizer) បានប្រកាសកាលពីថ្ងៃពុធថា ក្រុមហ៊ុនមួយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ-១៩របស់ខ្លួនដែលនេះគឺជាលើកដំបូងដែលវ៉ាក់សាំងនេះនឹងត្រូវបានផលិតនៅក្នុងទ្វីបអាហ្វ្រិក។

វិទ្យាស្ថាន បាយអូវ៉ាក់ (Biovac) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ខេបថោន (Cape Town) នឹងផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) សម្រាប់ចែកចាយនៅទូទាំងតំបន់អាហ្វ្រិកដែលនឹងអាចជួយដោះស្រាយបញ្ហាខ្វះខាតវ៉ាក់សាំងនៅក្នុងទ្វីបនេះក្នុងគ្រាដែលការឆ្លងជំងឺកូវីដ-១៩កើនឡើងកាលពីពេលថ្មីៗ។

វិទ្យាស្ថាន បាយអូវ៉ាក់ (Biovac) នឹងទទួលបានសារធាតុផ្សំសម្រាប់ផលិតវ៉ាក់សាំងនេះពីអឺរ៉ុប ហើយយកមកលាយបញ្ចូលគ្នានិងវេចខ្ចប់សម្រាប់ចែកចាយ។ ដំណើរការផលិតនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២រួមជាមួយគោលដៅផលិតឲ្យបានជាង១០០លានដូសក្នុងមួយឆ្នាំ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) ដែលត្រូវបានផលិតដោយវិទ្យាស្ថាន បាយអូវ៉ាក់ (Biovac) នឹងត្រូវបានចែកចាយក្នុងចំណោមប្រទេសចំនួន៥៤នៅក្នុងទ្វីបអាហ្វ្រិក។

នាយកប្រតិបត្តិវិទ្យាស្ថាន បាយអូវ៉ាក់ (Biovac) បាននិយាយថា ការអភិវឌ្ឍវ៉ាក់សាំងនេះគឺជាជំហានដ៏សំខាន់ដើម្បីជួយឲ្យទ្វីបអាហ្វ្រិកទទួលបានវ៉ាក់សាំងកូវីដ-១៩ដែលមានប្រសិទ្ធភាព។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) បាននិយាយថា គោលដៅរបស់ក្រុមហ៊ុនរបស់លោកគឺដើម្បីផ្តល់វ៉ាក់សាំងដល់មនុស្សនៅគ្រប់ទីកន្លែង។ ប៉ុន្តែភាគច្រើននៃវ៉ាក់សាំងនេះត្រូវបានលក់ទៅឲ្យប្រទេសអ្នកមាន។

គួរបញ្ជាក់ថា យោងតាមមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាហ្វ្រិក ការចាក់វ៉ាក់សាំងកូវីដ-១៩នៅទូទាំងទ្វីបអាហ្វ្រិកមានកម្រិតទាបដោយតិចជាង២%នៃពលរដ្ឋសរុបចំនួន១.៣ពាន់លាននាក់នៅក្នុងទ្វីបនេះបានចាក់វ៉ាក់សាំងយ៉ាងហោចមួយដូសប៉ុណ្ណោះ៕