ព័ត៌មានអន្តរជាតិ

មេបក្សប្រឆាំងនៅបេឡារុសជំរុញឱ្យអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាល

image

សាច់រឿង៖មេដឹកនាំបក្សប្រឆាំងក្នុងប្រទេសបេឡារុស លោកស្រី ស្វីតឡាណា​ ស៊ីកាណូសកាយ៉ា​ (Sviatlana Tsikhanouskaya) ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងអាមេរិក បានស្នើឲ្យអាមេរិកដាក់សម្ពាធទៅលើរដ្ឋាភិបាលបេឡារុសដែលដឹកនាំដោយលោក ប្រធានាធិបតី អាឡិចសាន់ឌ័រ​ លូកាសេនកូ​ (Alexander Lukashenko) តាមរយៈការដាក់ទណ្ឌកម្ម។

មេបក្សប្រឆាំងរូបនេះបាននិយាយកាលពីថ្ងៃពុធថា «ទណ្ឌកម្មអាចជួយបញ្ឈប់អំពើហិង្សានៅបេឡារុស និងធ្វើឲ្យតំណាងរបបដឹកនាំបច្ចុប្បន្នចាប់ផ្តើមការសន្ទនាជាមួយក្រុមសង្គមស៊ីវិល»។

លោកស្រីបានថ្លែងបែបនេះបន្ទាប់ពីបានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក​ ស៊ូលីវ៉ាន​ (Jake Sullivan)។

លោកស្រី​ ស៊ីកាណូសកាយ៉ា​ បាននិយាយថា «ខ្ញុំបានសុំឲ្យអាមេរិកធ្វើជាអ្នកធានានូវឯករាជ្យភាពរបស់យើង ហេីយគាំទ្រឯករាជ្យភាពរបស់យើងប្រសិនបើវាទទួលរងការគំរាមកំហែង​ ពីព្រោះថាឯករាជ្យភាពរបស់យើងមានតម្លៃខ្ពស់បំផុតសម្រាប់ពលរដ្ឋបេឡារុស»។

ជាមួយគ្នានោះ​ លោកស្រីក៏បានស្នើឲ្យអាមេរិកផ្តល់ការគាំទ្រថែមទៀតដល់ក្រុមសង្គមស៊ីវិលនៅក្នុងប្រទេសបេឡារុស។

មន្ត្រីនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «អាមេរិករួមជាមួយដៃគូ និងសម្ព័ន្ធមិត្ត នឹងបន្តធ្វើឱ្យរបបដឹកនាំរបស់ លោក លូកាសេនកូ​ ទទួលខុសត្រូវនូវសកម្មភាពដែលគេបានធ្វើតាមរយៈការដាក់ទណ្ឌកម្ម»៕