ព័ត៌មានអន្តរជាតិ

បុគ្គលិកចំនួន១៧នាក់នៅអាកាសយានដ្ឋានក្នុងទីក្រុងណានជីងត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩

image

ប៉េកាំង៖ កាលពីថ្ងៃពុធទីក្រុងណានជីង (Nanjing) របស់ប្រទេសចិនបានអំពាវនាវមិនឲ្យពលរដ្ឋចាកចេញពីទីក្រុងនេះលុះត្រាតែមានករណីចាំបាច់បន្ទាប់ពីបុគ្គលិកនៅអាកាសយានដ្ឋានចំនួន១៧នាក់បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ-១៩។

ទីក្រុងណានជីង (Nanjing) ដែលជារដ្ឋធានីនៃខេត្តជាំងស៊ូ (Jiangsu) បាននិយាយថា អ្នកដែលចង់ចាកចេញពីទីក្រុងចាំបាច់ត្រូវបង្ហាញលទ្ធផលតេស្តិ៍អវិជ្ជមានក្នុងរយៈពេល៤៨ម៉ោងមុនពេលធ្វើដំណើរ។

អាជ្ញាធរក្រុងណានជីង (Nanjing) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា បុគ្គលិកដែលត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងការធ្វើតេស្តិ៍ជាប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិ ណានជីងលូគូ (Nanjing Lukou) គឺជាបុគ្គលិកផ្នែកអនាម័យ ហើយគេកំពុងវិភាគសំណាកជាច្រើនទៀត។

ភ្លាមៗនោះអាកាសយានដ្ឋានអន្តរជាតិ ណានជីងលូគូ (Nanjing Lukou) បានលុបចោលជើងហោះហើរជាង៦៥%។

អាជ្ញាធរបានប្រកាសថា ពលរដ្ឋនៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់ក្នុងទីក្រុងណានជីង (Nanjing) តម្រូវឲ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលសង្កាត់លូគូ (Lukou) កំពុងត្រូវបានបិទខ្ទប់។

មកទល់ពេលនេះប្រទេសចិនមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៩២,៣៦៤នាក់ និងមានអ្នកបាត់បង់ជីវិតសរុបចំនួន៤,៦៣៦នាក់៕