ព័ត៌មានអន្តរជាតិ

ប៉ូលិសក្រិកប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅក្នុងការតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩

image

អាថែន៖ ក្រុមបាតុករនិងប៉ូលិសបានប៉ះទង្គិចគ្នានៅខាងក្រៅរដ្ឋសភាក្នុងរដ្ឋធានីអាថែនរបស់ប្រទេសក្រិកកាលពីថ្ងៃពុធក្នុងអំឡុងការតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩។

ដំបូងឡើយក្រុមបាតុករនិងប៉ូលិសបានប្រតាយប្រតប់គ្នា ហើយក្រោយមកប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹកទៅលើបាតុករប្រហែល១,៥០០នាក់ដើម្បីបំបែកពួកគេ។ 

ក្រុមបាតុករដែលភាគច្រើនមិនមានពាក់ម៉ាសបានកាន់ទង់ជាតិក្រិកនិងច្រៀងចម្រៀងជាតិក្នុងអំឡុងការតវ៉ាប្រឆាំងនឹងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩។

វាគឺជាការតវ៉ាលើកទី២ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីមនុស្សប្រមាណ៥,០០០នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធសប្តាហ៍មុនដើម្បីប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលក្រិកដែលបង្ខំឲ្យបុគ្គលិកសុខាភិបាលនិងបុគ្គលិកនៅមណ្ឌលថែទាំមនុស្សចាស់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាកំហិត។

ផ្ទាំងបដាមួយរបស់ក្រុមបាតុករបានសរសេរថា «កុំប៉ះពាល់កូនៗរបស់ពួកយើង» ខណៈដែលការចាក់វ៉ាក់សាំងចំពោះពលរដ្ឋវ័យជំទង់បានចាប់ផ្តើមនៅក្នុងខែនេះ។

សូមបញ្ជាក់ថា ជាង៤.៧លាននាក់ ឬស្មើនឹងជាង៤១%នៃពលរដ្ឋក្រិកសរុបចំនួន១១លាននាក់បានចាក់វ៉ាក់សាំងពេញលេញ។ 

ការឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ហើយកាលពីថ្ងៃពុធអាជ្ញាធរបានរាយការណ៍ពីករណីឆ្លងថ្មីជិត៣,០០០នាក់ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង៤៦៣,០០០នាក់ និងមានអ្នកបាត់បង់ជីវិតសរុបជាង១២,៨០០នាក់៕