ព័ត៌មានជាតិ

បន្តកើនឡើងខ្លាំង!  ខេត្តកំពង់ធំ បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៤នាក់ និងមានស្លាប់​ ៣១នាក់​

image

អត្ថបទ៖កែម ចិន្តា 

កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោកសុខ លូ បានថ្លែងប្រាប់ CNC នាព្រឹកថ្ងៃទី២២ ខែកក្កដា នេះថា មកដល់ពេលបច្ចុប្បន្ននេះក្នុងខេត្តកំពង់ធំ ​កំពុងតែមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ហើយក៏មានការស្លាប់កើនឡើងជាប្រចាំផង។ 

លោក សុខ លូ មានប្រសាសន៍ថា «ការឆ្លងមេរោគខេត្តកំពង់ធំយើង នៅក្នុងសហគមន៍យើងនៅតែមានការឆ្លងជាបន្ទាន់ផង ដូច្នេះសូមអំពាវនាវដល់បងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់»។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ធំណែនាំដល់បងប្អូនមានការប៉ះពាល់ផ្ទាល់ឬប្រយោល និងមានការសង្ស័យជាមួយអ្នកផ្ទុកមេរោគកូវីដ១៩ ហើយសង្ស័យថាខ្លួនមានមេរោគកូវីដ១៩ សូមបងប្អូនគ្រប់រូបទៅយកសំណាកនៅទីតាំង ឬនៅតាមមណ្ឌលចត្តាឡីស័កនៅក្បែរខ្លួនឲ្យបានទាន់ពេលវេលា។ លោកថា សូមបងប្អូនចូលរួមទាំងអស់គ្នា ​ហើយកុំធ្វេសប្រហែល​នឹងជំងឺដ៏កាចសាហាវនេះដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាព។ ​

យោងតាមការសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ធំ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១.៥៣៣នាក់ ស្រី ៨៦៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១.០២៥នាក់ ស្រី ៥៩១នាក់ ស្លាប់ចំនួន ៣១នាក់ ស្រី ១៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៧៧នាក់ ស្រី ២៥៩នាក់៕