ព័ត៌មានជាតិ

អាជ្ញាធរខេត្តរតនគិរីគ្រោងបញ្ចប់ការផ្ដល់វ៉ាក់សាំងដូសទី១ជូនពលរដ្ឋក្នុងក្រុងបានលុងមុនផែនការកំណត់ សរុបបានជិត៩០%

image

អត្ថបទ៖ ប៉េស សារី

រតនគិរី៖​ លោក នាង សំអាត នាយករដ្ឋបាលសាលាខេត្តរតនគិរី​ បានឲ្យដឹងថាដោយមើលឃើញសន្ទុះនៃប្រជាពលរដ្ឋក្នុងក្រុងបានលុងដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចាប់ពីថ្ងៃទី ១៣ រហូតមកដល់ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២១នេះមានថយចុះចំនួននៃអ្នកមកទទួលចាក់សាំង ហើយអាជ្ញាធរគ្រោងបញ្ចប់ការផ្ដល់វ៉ាក់សាំងដូសទី១ជូនពលរដ្ឋក្នុងក្រុងបានលុងមុនផែនការកំណត់។ 

លោក នាង សំអាត បញ្ជាក់ថាយោងតាមស្ថានភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងបានលុងគិតមកដល់ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២១នេះឃើញថាចំនួនអ្នកចូលមកចាក់មានចំនួនតិចតួចបើធៀបទៅនឹងផែនការដែលគ្រោងទុកឬអាចនិយាយថាល្បឿននៃការចាក់បានលឿនជាងរហូតដល់ ៨៩ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបនៅក្នុងក្រុងដែលចាប់ពីអាយុ ១៨ឆ្នាំឡើង​ ដោយហេតុនេះពេលវេលានៃការចាក់អាចត្រូវបញ្ចប់ត្រឹមថ្ងៃទី ២៣កក្កដាឆ្នាំ ២០២១។ ​លោកថាសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងបានលុងដែលជាការគ្រោងទុករបស់រដ្ឋបាលខេត្តចាប់ដើមផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងក្រុងពីថ្ងៃទី ១៣ កក្កដារហូតដល់ថ្ងៃទី ២៥ កក្កដាឆ្នាំ ២០២១ នឹងត្រូវបញ្ចប់។

លោកនាយករដ្ឋបាលរូបនេះបានឲ្យដឹងទៀតថាបន្ទាប់ពី បិទបញ្ចប់នៃការចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងបានលុងអាជ្ញាធររៀបចំផែនការបន្ត ចាក់ជូនប្រជាពលរដ្ឋនៅទីប្រជុំជនស្រុកកូនមុំ ស្រុកបកែវស្រុកលំផាត់និង ស្រុកបន្តបន្ទាប់ទៀតចាប់ពីថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២១ តទៅ។

ទាក់ទងនឹងការមកទទួលវ៉ាក់សាំងរបស់ក្រុមប្រជាពលរដ្ឋនៅក្នុងក្រុងបានលុង​បានលើកឡើងស្រដៀងគ្នាថាពួកគាត់រំភើបត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណចំពោះសម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងយកមកចាក់ជូនពួកគាត់នាពេលនេះដោយមិនប្រកាន់ពូជសាសន៍ឬគណបក្សនយោបាយណាឡើយ​៕