ព័ត៌មានជាតិ

បន្ទាន់! ពលករខ្មែរកំពុងធ្វើចត្តាឡីស័ក ផ្ទុះការតវ៉ា នៅខេត្តឧត្តរមានជ័យ 

image

ឧត្តរមានជ័យ៖ ព័ត៌មានបឋមពីខេត្តឧត្តរមានជ័យ បានឱ្យដឹងថា មានពលករខ្មែរមកពីប្រទេសថៃប្រមាណជា ៣០០នាក់ កំពុងផ្ទុះការតវ៉ានៅកន្លែងធ្វើចត្តឡីស័ក នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដោយពួកគេស្នើសុំលក្ខខណ្ឌមួយចំនួននាពេលកន្លងមក តែអាជ្ញាធរហាក់មិនមានការអើពើ និងយកចិត្តទុកដាក់ចំពោះពួកគេទាល់តែសោះ។

យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យផ្ទុះការតវ៉ានេះ ដោយពួកគេបានរស់នៅក្នុងមណ្ឌលចត្តាឡីស័កមានភាពចង្អៀតណែន ដោយក្នុងមួយបន្ទប់មានគ្នាចំនួន ១៥នាក់ ហើយប្រសិនបើមានអ្នកណាម្នាក់មានផ្ទុកកូវីដ-១៩នោះ មនុស្ស១៤នាក់ផ្សេងទៀតក៏ឆ្លងផងដែរ ដែលករណីនេះ ពួកគេបានស្នើសុំទៅអាជ្ញារច្រើនដងមកហើយ តែអាជ្ញាធរហាក់មិនមានដំណោះស្រាយចំពោះពួកគេទាល់តែសោះ។ មួយវិញទៀត នៅកន្លែងធ្វើចត្តាឡីស័ករបស់ពួកគេហាក់គ្មានអ្នកសំអាត និងគ្មានអនាម័យ ដែលជាហានិភ័យក្នុងការចម្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩។

ក្នុងការផ្ទុះការតវ៉ាងរបស់ពលករនេះ អាជ្ញាធរ និងកម្លាំងជាច្រើនកំពុងមានវិធានការទប់ស្កាត់ និងចូលទៅសម្របសម្រួលជាមួយពួកគេហើយ ប៉ុន្តែពួកគេមិនទាន់ទទួលយកនូវវិធានការដោះស្រាយតែមាត់នោះទេ បើមិនប្រញាប់ធ្វើការដោះស្រាយជូនពួកគេជាបន្ទាន់ទេនោះ ពួកគេនឹងបង្កើនការតវ៉ាឱ្យកាន់តែខ្លាំងជាងមុនទៀត ដើម្បីមានដំណោះស្រាយសម្រាប់ពួកគេ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកយកព័ត៌មានCNC ប្រចាំខេត្តឧត្តរមានជ័យ មិនអាចសុំការធ្វើអត្ថាធិប្បាយពីអាជ្ញាធរពាក់ព័ន្ធបាននៅឡើយទេ ដោយអាជ្ញាធរ និងកងកម្លាំងកំពុងជាប់ដៃដោះស្រាយជាមួយក្រុមពលករទាំងនោះ៕