ព័ត៌មានជាតិ

ប្រតិបត្តិករដោះមីនអង្គការ MAG ជាច្រើននាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅស្រុកសំឡូត ក្រោយរកឃើញមនុស្ស ៣នាក់ វិជ្ជមានកូវីដ១៩ 

image

បាត់ដំបង៖ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រតិបត្តិករបោសសំអាតមីន MAG ដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលការឧបត្ថម្ភ ជាស្បៀងអាហារពីកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមីនកម្ពុជា ដោយសារតែអង្គការ MAG កាលពីថ្មីៗនេះ ត្រូវបានមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្នុងនោះមានការប៉ះពាល់ផ្ទាល់ចំនួន៣០នាក់ ប៉ះពាល់ប្រយោលចំនួន១៨៤នាក់ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងជំរុំស្នាក់នៅរបស់អង្គការ MAG ក្នុងស្រុកសំឡូត ។ 

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានបញ្ជាក់ថា ខេត្តបាត់ដំបង កំពុងតែមានការឆ្លងក្នុងសហគមន៍ច្រើន និងមានការកើនឡើងរាល់ថ្ងៃ រហូតមកដល់ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ ១៥៨នាក់ ជាសះស្បើយចំនួន១ ២០៣នាក់ មានអ្នកស្លាប់ចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៩៣២នាក់ ដែលត្រូវទាមទារឱ្យយើងទាំងអស់គ្នា ចូលរួមសហការទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩ ចូលដល់ក្រុមគ្រួសារ សហគមន៍និងប្រទេសជាតិយើងបន្តទៀត ។ 

លោកអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងបន្ត រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយឡែកខេត្តបាត់ដំបង កំពុងផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ តាមដំណាក់កាល ។ ចំពោះដំណាក់កាលនេះក្រុងបាត់ដំបងសម្រេចលើការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត៩ម៉ឺននាក់ហើយ  ស្មើជិត១០០% ។ 

លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា មានបញ្ជាក់ថា ការធ្វើចត្តាឡីស័កនេះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ។ 

លោកបានផ្តាំផ្ញើទៅដល់បុគ្គលិក MAG ទាំងអស់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នា បន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័ករួច ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ។ 

សូមបញ្ជាក់ថា អំណោយរបស់កាកបាទក្រហមកម្ពុជាបានផ្ដល់ជូនដល់បុគ្កលិកអង្គការទាំង១៨៤នាក់ សរុប អង្ករ៥០ការ៉ុង(១២៥០kg) ទឹកបរិសុទ្ធវីឃែរចំណុះ២០លីត្រ ៨០ធុង មី២៥កេស ទឹកត្រី  ទឹកស៊ីអ៉ីវ៤៥យួរ ។ ដោយឡែកអាជ្ញាធរមីនកម្ពុជា បានឧបត្ថម្ភបន្ថែម មានអង្ករ១០០០kg, មី៣០កេស ត្រីខកំប៉ុង១០កេស (១០០០កំប៉ុង)  សាច់ក្រក ត្រីងៀត ម៉ាស៥០ប្រអប់ អាល់កុល៦០លីត្រ និងថវិកា៤លានរៀល ឧបត្ថម្ភអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ ក្នុងម្នាក់ៗ៥០ម៉ឺនរៀល ៕ 

ដោយ៖ ឡាច សុគន្ធាវី