ព័ត៌មានជាតិ

ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាបភ្ជាប់ផ្លូវជាតិលេខ៥និងតំបន់ជ្រោយចង្វាសម្ពោធដាក់ឲ្យប្រើប្រាស់នារសៀលនេះ

image


(ភ្នំពេញ) ៖ នាថ្ងៃទី ៨ ខែ ឧសភា នេះ ស្ពានបាឡេឆ្លងកាត់ទន្លេសាបពីចំណុច ទីលានប្រជាធិបតេយ្យ ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ និងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារត្រូវបានបើកសម្ពោធដាក់ឱ្យធ្វើចរាចរណ៏ឆ្លងកាត់ជាផ្លូវការ ជាមួយនឹងវត្តមាន របស់ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា ស្ពានបាឡេនេះ ជាសមិទ្ធផលថ្មី សម្រាប់ខណ្ឌ ប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ ពិសេសសម្រាប់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅចំណុចវង្វង់មូលស្ពានជ្រោយចង្វារ ខណៈស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ កំពុងជួសជុល ឡើងវិញ និងមានការបិទចរាចរណ៍ជាបណ្ដោះអាសន្ន។ជាមួយនឹងការដាក់ឲ្យធ្វើចរាចរចាប់ពីថ្ងៃនេះតទៅ ស្ពានបាឡេនេះ មិនអនុញ្ញាតឱ្យ រថយន្តទម្ងន់លើសពី៥តោន និងមានកម្ពស់លើស២.៨ម៉ែត្រឆ្លងកាត់ឡើយ ហើយហាមមិនរថយន្តក្រុង និងអ្នកថ្មើរជើងដើរឆ្លងកាត់ស្ពាននោះទេ។

តាមរបាយការណ៍មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានបាឡេថ្មីនេះ ចំណាយថវិកា ចំនួន៩លានដុល្លារ ប្រើពេលសាងសង់៦ខែ អនុវត្តគម្រោងដោយក្រុមហ៊ុន OCIC ស្ពានមានប្រវែងសរុប ៦៥៥ម ក្នុងនោះ តួស្ពានប្រវែង ៥០៥ម៉ែត្រ, គល់ស្ពានសងខាងប្រវែង ១៥០ម៉ែត្រ,ទទឹងស្ពាន ១២ម៉ែត្រ,កំពស់គឺប្រហាក់ប្រហែលស្ពានជ្រោយចង្វារ ,ស្ពានចរាចរទ្វេរទិស សម្រាប់រថយន្ត ១គន្លងទៅ ១គន្លងមក និងម៉ូតូ ១គន្លងទៅ ១គន្លងមក ក្ុងល្បឿនកំណត់២៥គ.ម ក្នុង១ម៉ោង ។ ស្ពានបាឡាឆ្លងកាត់ទន្លេសាបនេះ ស្ថិតនៅស្របចម្ងាយពីគម្រោងស្ពានបេតុងខ្សែកាប ចម្ងាយ២២ម៉ែត្រ ហើយប្រវែងពីផ្លូវជាតិលេខ៥ ដល់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានបាឡេនេះ មានប្រវែងសរុប ៩៧៥ម៉ែត្រ ៕