ព័ត៌មានជាតិ

គួរឱ្យរន្ធត់ណាស់ ស្លាប់៤នាក់និងរងរបួសធ្ងន់ម្នាក់ ដោយសារដាច់ខ្សែរ៉តយោងកម្មករក្នុងការដ្ឋានសាងសង់សណ្ឋាគារ និងកាស៊ីណូ Diamond Crown ក្នុងខេត្តប៉ៃលិន

image

ប៉ៃលិន៖ នេះគឺជាករណីគ្រោះថ្នាក់មួយយ៉ាងរន្ធត់បំផុត ដែលបានកើតឡើងនៅចំណុចការដ្ឋានសំណង់សណ្ឋាគារ Diamond Crown និងកាស៊ីណូ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបាន កើតឡើងកាលពីវេលាម៉ោង ៧:១៥នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារតែការដាច់ខ្សែ រ៉តសម្រាប់យោងកម្មករសំណង់ទៅធ្វើការងា រនៅខាងលើអគាររហូតដល់៧ជាន់ ធ្លាក់មកក្រោមវិញបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន០៤នាក់និងរបួសធ្ងន់ចំនួន០១នាក់ ។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំងនាក់៥នាក់ គឺ ទី១- ឈ្មោះ លីម វែង ប្រុស អាយុ 18 ឆ្នាំ រស់នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ របួស បាក់ជើង បាក់ដែ និង គ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ (ស្លាប់នៅមន្ទីរពេទ្យបង្អែក) ទី២-ឈ្មោះ តន ភេទ ប្រុស អាយុ 29 ឆ្នាំ រស់នៅភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងរបួស បាក់ឆ្អឹងជើងទាំងពីរ (ត្រូវយកទៅ X-ray ) ទី៣-ឈ្មោះ ធោន កក ប្រុស អាយុ 19ឆ្នាំ រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់) ទី៤-ឈ្មោះ ប្រាក់ ឃឿន ប្រុស អាយុ 38ឆ្នាំ រស់នៅ ខេត្តបន្ទាយមានជ័យ (ស្លាប់) និងទី៥-ឈ្មោះ បុរី ភេទ ប្រុស អាយុ២៣ ឆ្នាំ រស់នៅស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ( ស្លាប់) ។

តាមការរៀបរាប់អំពីហេតុការណ៍ដែលបានកើតឡើងនាព្រឹកមិញនេះ ពីកម្មករក្នុងការដ្ឋានបានឲ្យដឹងថា នៅព្រឹកនេះកម្មករ ចាប់ផ្តើមធ្វើការងារជាធម្មតាទេ លុះវេលាម៉ោងកើតហេតុខាងលើ មានកម្មករ១ក្រុម មានគ្នា៥នាក់ បានឡើងទៅការដ្ឋានជាន់ ខាងលើ ដោយជិះរ៉តយោង លុះដល់ជាន់ទី៧ ក៏ដាច់ខ្សែរ៉តធ្លាក់មកដីតែម្តង ទាំងកម្មករសំណង់ ទាំងប្រជាពលរដ្ឋដែល នៅជិតការដ្ឋានបានស្ទុះស្ទារមកជួយជនរងគ្រោះជាបន្តបន្ទាប់ ដោយបានហៅរថយន្តសង្រ្គោះ ដើម្បីដឹកទៅជួយសង្រ្គោះនៅ ឯមន្ទីរទេព្យជាបន្ទាន់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះ កើតឡើងបណ្តាលមកពីម្ចាស់ការដ្ឋានសំណង់ មានការធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្នខ្ពស់ទាល់តែសោះ ដោយប្រើប្រាស់ខ្សែ រ៉តយោងសម្រាប់កម្មករជិះឡើង ចុះអាគារខ្ពស់រហូត១២ជាន់ ដែលមិនមានសុវត្ថិភាព ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ។

ភ្លាមៗនោះដែរអាជ្ញធរខេត្តប៉ៃលិន និងសមត្ថកិច្ចជំនាញ ដែលដឹកនាំដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានចុះពិនិត្យមើលដល់ទីតាំងការដ្ឋានផ្ទាល់ ព្រមទាំងជួយអន្តរាគមន៍បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាលនិង សង្គ្រោះបន្ទាន់ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ឡាច សុគន្ធារី