ពលរដ្ឋរងគ្រោះទឹកជំនន់ដែលប្រឈមនឹងជំងឺគ្រុនឈាម-គ្រុនចាញ់ ៧៥៥គ្រួសារ នៅខេត្តកំពង់ស្ពឺ ទទួលបានមុងសុវត្ថិភាព និងអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃ ទី ៥ ខែកញ្ញានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងឯកឧត្តម វ៊ី សំណាង ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ រួមដំណើរដោយប្រតិភូចិនតំណាងឱ្យសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី ចុះសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ដែលប្រឈមនឹងជំងឺគ្រុនឈាម-គ្រុនចាញ់ ចំនួន ៧៥៥គ្រួសារ ដែលរស់នៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


ពិធីនេះរៀបចំឡើងនៅទីទួលសុវត្ថិភាពពីរកន្លែងផ្សេងគ្នាគឺ ទីតាំងទី១ នៅវត្តជ្រាវ ឃុំអមលាំង ស្រុកថ្ពង ដែលមានប្រជាពលរដ្ឋទទួលអំណោយចំនួន ៤២៣គ្រួសារ និងទីតាំងទី២ នៅសាលាបឋមសិក្សាល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានប្រជាពលរដ្ឋ ៣៣២គ្រួសារ។


ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវអគ្គលេខាធិការរងទី ១ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសារអំពាវនាវ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារថា សូមបងប្អូនត្រូវ យកចិត្តទុកដាក់ថែទាំសុខភាពរស់នៅប្រចាំថ្ងៃ ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច ត្រូវមើលថែទាំចាស់ជរា ជនពិការ និងកូនតូចៗកុំឱ្យលង់ទឹក និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ។ ពេលទឹកស្រកទៅវិញ សូមសម្អាតបរិស្ថាន ឱ្យបានស្អាត បំបាត់ទឹកដក់ សំរាមស្អុយរលួយ ជៀសវាងការកើតជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗ និងនាំគ្នាឆាប់បង្កបង្កើនផល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ចំពោះអ្នកមានបញ្ហាសុខភាព ឬស្រីមានផ្ទៃពោះ ត្រូវត្រៀមខ្លួនរកកន្លែងជិតមណ្ឌល សុខភាព ដើម្បីព្យាបាល ឬសម្រាលកូនបានទាន់ពេលវេលា។ ទន្ទឹមនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីសុវត្ថិភាពចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។


តាមរយៈក្រុមការងារ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋពេលដែលមានទុក្ខលំបាក ដោយមិនរើសអើង ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ ឬប្រកាន់និន្នាការនយោបាយឡើយ។


អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ មុងសុវត្ថិភាព ១ អាវយ៉ឺត ១ និងថវិកាមួយចំនួន (មុងជាអំណោយ សាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី)។ ដោយឡែកសម្រាប់លោកយាយ លោកតាចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបានបន្ថែមនូវ ខោ ឬសំពត់សឹង ១ និងអាវ ឬអាវប៉ាក់ ១ ជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ។


សូមជម្រាបថា ក្នុងកំឡុងពេលដែលខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាទទួលរងផលប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះ បានសរុបប្រមាណ ៣ម៉ឺនគ្រួសារ ក្នុងខេត្តចំនួន ១៥៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation