លិខិតក្រសួងមហាផ្ទៃស្នើឲ្យស្នងការខេត្តកំពង់ស្ពឺ ដាក់ពិន័យលោកអធិការស្រុកថ្ពង គាំងជិត៣ខែមិនដឹងបាត់ទៅណា
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ យោងតាមលិខិតលេខ៩៩២ សផ៣ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើឲ្យលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ អនុវត្តវិន័យរដ្ឋបាលលើលោកវរសេនីយ៍ទោ ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង ក្រោយពីមានបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា និងឆបោក។


ការសម្រេចឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ដាក់ពិន័យលើលោកវរសេនីយ៍ទោ ហ៊ុន សុខហុន អធិការស្រុកថ្ពងរូបនេះ យោងតាមចំណារដ៏របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន យឿន និងឈ្មោះ ឃឹម ចន្ធា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ុន យឿន និងឈ្មោះ ឃឹម ចន្ធា បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ២០១២ លោកអធិការ ហ៊ុន សុខហុន បានជួលពួកគាត់ឲ្យកត់បញ្ជីដីធ្លី ដោយសន្យាថា ឲ្យប្រាក់ឈ្នួលក្នុង ១ហិកតា ចំនួន៥០ដុល្លារ ប៉ុន្តែពេលធ្វើការឲ្យលោកអធិការ ហ៊ុន សុខហុន ចប់បែរជាមិនឲ្យលុយពួកគាត់ទៅវិញ។


ក្រោយមកដោយសារពួកគាត់ទារលុយនោះខ្លាំងពេក លោកអធិការ ហ៊ុន សុខហុន បានចោទពួកគាត់ថា ចេះអំពើអាបធ្មប់ ធ្វើឲ្យប្រពន្ធលោកអធិការឈឺ និងបានរៀបចំគម្រោងសម្លាប់ពួកគាត់តែម្តង។


ទោះជាពួកគាត់ប្តឹងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយរកយុត្តិធម៌យ៉ាងណាក៏ដោយ ក៏អាជ្ញាធរមិនអើពើនឹងពួកគាត់ដែរ ទើបពួកគាត់សម្រេចប្តឹងទៅក្រសួងមហាផ្ទៃឲ្យជួយវិញម្តង។


យោងតាមលិខិតលេខ៣១៥ អធ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ របស់អគារធិការដ្ឋាន នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ក្រោយពីបើកការស្រាវជ្រាវ មន្ត្រីជំនាញបានរកឃើញថា លោកវរសេនីយ៍ទោ ហ៊ុន សុខហុន អធិការស្រុកថ្ពង ពិតជាបានប្រព្រឹត្តអំពើមិនប្រក្រតី ក្នុងរឿងទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋមែន ដោយបានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ប្រើអំណាចខុសតួនាទី និងភារកិច្ច។


លិខិតដដែលបានសង្កត់ធ្ងន់ថា លោកអធិការ ហ៊ុន សុខហុន មានចរិត ឫកពារ មានៈ មិនទទួលកំហុស និងមិនគោរពតាមការអប់រំណែនាំរបស់ថ្នាក់លើ ទាំងស្នងការរងទទួលបន្ទុក ស្នងការ និងអភិបាលខេត្តនោះទេ បែរជាបន្តសកម្មភាពដដែលៗ ធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ និងបាត់បង់ជំនឿចិត្តលើអាជ្ញាធរកាន់តែខ្លាំងឡើងៗ។


លិខិតដដែលនេះ បានសំណូមពរឲ្យក្រសួងមហាផ្ទៃ សម្រេចដាក់ពិន័យរដ្ឋបាលលើលោកវរសេនីយ៍ទោ ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង តាមវិន័យនគរបាលជាតិ និងស្នើសុំឲ្យក្រសួងសម្រេចផ្ទេរភារកិច្ចលោកវរសេនីយ៍ទោស ហ៊ុន សុខហុន ទៅធ្វើការនៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីទទួលការអប់រំ និងពិនិត្យតាមដានកំហុស។


ពាក់ព័ន្ធករណីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់តាមទូរស័ព្ទថា ក្រោយពីមន្ត្រីជំនាញរបស់លោកបញ្ជូនរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធរឿងលោកអធិការ ហ៊ុន សុខហុន និងសំណើទៅក្រសួងមហាផ្ទៃ លោកស្នងការនៅមិនទាន់ទទួលបានលិខិតរបស់អគ្គស្នងការនគរបាលជាតិ ឬរបស់ក្រសួងមហាផ្ទៃនៅឡើយទេ។លោកថា បើលោកទទួលបានលិខិតនៅពេលណា លោកនឹងអនុវត្តតាមភ្លាម ដោយមិនរើសមុខនោះទេ ពោលគឺត្រូវតែអនុវត្តតាមច្បាប់ជាដាច់ខាត។


យោងតាមឯកសារ ដែលCNC ទទួលបាន លិខិតរបស់ក្រសួងមហាផ្ទៃត្រូវបានបញ្ជូនទៅដល់សាលាខេត្តកំពង់ស្ពឺ តាំងពីម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មកម្លេះ ប៉ុន្តែលិខិតរបស់ក្រសួងមហាផ្ទៃមិនដឹងថា គាំងនៅទីណា ទើបរយៈពេលជិត៣ខែកន្លងមកហើយ លិខិតនោះមិនទាន់ទៅដល់ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលជាប់របងគ្នាសោះ បែរជាទៅមិនដល់ ៕ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation