ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែប ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងសាងសង់ចំណតផែជលយាន តម្លៃជិត ២លានដុល្លារ

image

អត្ថបទ៖ ង៉ុង សាន់

កែប៖ បន្ទាប់ពីបានសិក្សាផលប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមក ក្រុមការងារសិក្សាគម្រោងអភិវឌ្ឍន៍ផែបាន ដាក់ឈ្មោះឱ្យថា «ផែជលយានសេះស» ស្ថិតនៅក្រុងកែប ខេត្តកែប ពេលនេះបានឈានដល់ដំណាក់ការចុះហត្ថលេខា អនុវត្តគម្រោងសាងសង់ហើយ។

គម្រោងនៃការសាងសង់ចំណតជលយាននេះ មានទីតាំង ជាប់គ្នាជាមួយ គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ នៅខេត្តកែប ដែលមានប្រវែង ២.៧០០ម៉ែត្រ ដោយត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ. ឆ. ក) ប្រកាសគាំទ្រកាលពីពេលកន្លងទៅ។ 

ពិធីចុះហត្ថលេខាអនុវត្តគម្រោងផែជលយានសេះសនេះ ត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំសាលាខេត្តកែប កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក្រោមការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ 

លោក សោម ពិសិដ្ឋ មានប្រសាសន៍ថា គម្រោងផែជលយានសេះសនេះ ជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប ក៏ជាទីតាំងតភ្ជាប់ នៃគម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ពីរ គឺសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ របស់ខេត្តកែបផងដែរ។ 

លោកបន្តថា គម្រោងផែជលយាននេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាសការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ក៏ជាផ្នែកមួយនៃការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋខេត្តកែប ដែលភាគច្រើនពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និងបម្រើសេវាកម្មទេសចរណ៍។ ក្នុងនោះដែរលោកក៏បានជំរុញដល់វិនិយោគិនដែលទទួលខុសត្រូវ អនុវត្តគម្រោង ត្រូវអនុវត្តទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង ដើម្បីឲ្យសមិទ្ធផលដែលទទួលបានប្រកបដោយគុណភាព តាមស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ និងពន្លឿនការសាងសង់ឲ្យបានតាមពេលកំណត់។ 

តាមការអះអាងពីមន្ត្រីរដ្ឋបាលខេត្តកែប គម្រោងសាងសង់កំពង់ផែជលយានសេះសនេះ នឹងចំណាយទឹកប្រាក់ជិត ២លានដុល្លារ ដែលជាការវិយោគរួមគ្នារវាងរដ្ឋ និងឯកជន ដែលមានរយៈពេល ១៥ឆ្នាំ។

បើតាមការអះអាងពីលោក អ៊ឹង  កូវហៃ ជាអ្នកទទួលបានសិទ្ធិក្នុងការសាងសង់កំពង់ផែរជលយាន្តសេះសនេះ ថា នឹងអាចបញ្ចប់គម្រោងសាងសង់ក្នុងអំឡុងចុងឆ្នាំ ២០២៣ ដោយប្រើរយៈពេលសាងសង់ប្រហែលពីរឆ្នាំ។ 

ភ្ជាប់គ្នាជាមួយគម្រោងសាងសង់ផែជនយានសេះសនេះដែរ កាលពីពេលកន្លងទៅ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ. ឆ. ក) គាំទ្រចំពោះគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ នៅខេត្តកែប ដែលមានប្រវែង ២.៧០០ម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់កម្សាន្តសាធារណៈ តាមបណ្ដោយឆ្នេរសមុទ្រមានទទឹងយ៉ាងតិចប្រវែង ៣០ និងសួនច្បារសាធារណៈ និងដាំដើមឈើ នៅលើដីចំណីឆ្នេរសមុទ្រមានទទឹងប្រវែង ៥០ម៉ែត្រ ដែលគម្រោងទាំងពីរនេះ ធ្វើឲ្យការអភិវឌ្ឍវិស័យទេសចរណ៍ភាគខាងលិចនៃខេត្តកែប កាន់តែមានភាពវិសេសវិសាលថែមមួយកម្រិតទៀត៕