ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យសង្កាត់ទាំង១០៥ ចុះណែនាំពលរដ្ឋឱ្យអនុវត្តបម្រាមគោចរ 

image

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពខណ្ឌទាំ ១៤ ដើម្បីឱ្យសង្កាត់ទាំង ១០៥ ពិសេសចៅសង្កាត់តែម្តង ត្រូវចុះផ្ទាល់ដល់មូលដ្ឋានពលរដ្ឋរបស់ខ្លួន ដើម្បីធ្វើការណែនាំឱ្យប្រជាពលរដ្ឋកុំល្មើសនឹងបម្រាមគោចរ និងណែនាំឱ្យនាំកូនចៅដែលមានអាយុ ១២ ទៅ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នា។

ការដាក់បទបញ្ជាក់ដូចនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដើម្បីឱ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ អនុវត្តការងារទាំង២នេះឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់ ឈានទៅរកការផ្តាច់បាននូវ ឬសគល់ជំងឺកូវីដ-១៩ ពិសេសវីរុសបម្លែងថ្មីឌែលតា (DELTA) ឱ្យបានជោគជ័យ។

យោងតាមការឱ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីរាត្រីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាព​ខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់ ត្រូវដឹកនាំមន្ត្រីរបស់ខ្លួនចុះឱ្យដល់មូលដ្ឋាន ដើម្បីណែនាំឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំដើរហើរល្មើសបម្រាមគោចរ ម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ បន្ថែមពីនេះ ត្រូវណែនាំឱ្យប្រជាពលរដ្ឋនាំកូនចៅដែលជាកុមារ និងយុវវ័យអាយុ១២ ទៅ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានៅតាមទីតាំងដែលបានរៀបចំរួច។

សូមបញ្ជាក់ថា អ្នកដែលល្មើសនឹងបម្រាមគោចរ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត សម្រាប់ម៉ូតូ១គ្រឿង ត្រូវផាកពិន័យចំនួន ២០ម៉ឺនរៀល រីឯរថយន្តត្រូវផាកពិន័យចំនួន ១លានរៀល ហើយបើធ្ងន់ធ្ងរជានេះអាចនឹងមានទោសទណ្ឌថែមទៀត៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា