ព័ត៌មានជាតិ

ដំណឹងល្អ!​ ក្រសួងអប់រំ មានគំរោងបើកសាលារៀនឡើងវិញ នៅខែកញ្ញា ឬខែតុលា បន្ទាប់ពីកុមារ និងយុវវ័យចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា

image

ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមទូរស័ព្ទ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីគំរោងបើកសាលារៀនឡើងវិញ ចាប់ពី​អនុវិទ្យាល័យឡើង សម្រាប់បវេសនកាល ២០២១ -២០២២ នៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

បើតាមរបាយការណ៍របស់ក្រសួងអបរំ យុវជន និងកីឡា បានបង្ហាញថា កុមារអាយុ ១២ឆ្នាំ ដល់១៧ឆ្នាំ មានចំនួនប្រមាណ ២លាននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស កំពុងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩។ ទាក់ទងនឹងចំនួនទិន្ន័យកុមារ និងយុវវ័យ បានទទួលវ៉ាក់សាំង គឺក្រសួងអប់រំ យោងតាមតួលេខផ្លូវការរបស់អនុគណៈកម្មការ តាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩​ក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា៖ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩  នៅកម្ពុជា  គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១  មាន ចំនួន ៧៤,៨៤%  ធៀបជាមួយចំនួនប្រជាជនគោលដៅ  ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៦,៣១% ធៀបជា មួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។

រាជរដ្ឋាភិបាល បានសម្រេចបិទគ្រឹះ ស្ថានសិក្សារដ្ឋ និងឯកជន គ្រប់កម្រិតចាប់តាំងពីថ្ងៃទី២០ខែ មីនា មកម្ល៉េះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ហើយ សិស្សានុសិស្ស ត្រូវបន្តការសិក្សាតាមប្រព័ន្ធអនឡាញវិញរហូតមកពេលនេះ។ ទោះបីជាការអនុវត្តកម្មវិធីសិក្សាតាមប្រព័ន្ធហ្សូម ឬអនឡាញ គ្រប់កម្រិតសិក្សា មិនសូវជាទទួលបានផលវិជ្ជមាន ដូចការសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ឬសាស្ត្រាចារ្យ ក៏ពិតមែន តែនេះគឺជាតម្រូវការបច្ចេកវិទ្យា និងតាមកាលៈទេសៈសង្គម និងពិភពលោកដែលកំពុងប្រឈមនិងជំងឺដ៏កាចសាហាវកូវីដ១៩។

លោកស្រីវ ឱ វណ្ណឌីន អ្នក នាំពាក្យក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជា កំពុងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ- ១៩ដោយរលូន ជូនដល់ក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងចាក់ជូនកុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ដល់ក្រោម១៨ ឆ្នាំ ដើម្បីបង្កើតភាពសុំាក្នុងសហគមន៍ ជាពិសេសអាចឈានទៅបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ផែនការបើកសាលាឡើងវិញនេះ គឺដើម្បីកាត់បន្ថយផលប៉ះពាល់លើការអប់រំរបស់កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា ពិសេសកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអប់រំកម្ពុជាទាំងមូល៕

ដោយ៖ វង សុភ័ក្ត្រ