ព័ត៌មានជាតិ

ទោះតម្លៃទាបបន្តិច តែមានទីផ្សារច្រើន! ដំណាំល្ពៅ កំពុងមានទីផ្សារល្អនៅខេត្តត្បូវឃ្មុំ ធ្វើឱ្យអ្នកដាំដំណាំនេះ ទទួលបានប្រាក់ចំណេញ

image

ត្បូងឃ្មុំ៖ នៅក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យកសិផលមួយចំនួនជួបបញ្ហាខ្វះទីផ្សារ និងមានតម្លៃទាបជាងឆ្នាំមុនៗ តែសម្រាប់ដំណាំល្ពៅ នៅតែមានទីផ្សារល្អ ពិសេសការនាំចេញទៅលក់នៅប្រទេសវៀតណាម និងប្រទេសថៃ។ នេះបើយោងតាមការអះអាងរបស់អ្នកស្រី ស៊ីម មុំ រស់នៅឃុំទួលស្នួល ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

អ្នកស្រី ស៊ីម មុំ ដែលប្រកបរបរដាំដំណាំល្ពៅនេះ អស់រយៈពេលជាង ១០ឆ្នាំមកហើយនោះ បានរៀបរាប់ថា ទោះបីឆ្នាំនេះ មានការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ទីផ្សារលក់ល្ពៅ មិនជួបបញ្ហានោះទេ ទាំងការនាំចេញទៅក្រៅប្រទេស និងលក់ក្នុងស្រុក គ្រាន់តែតម្លៃទាបជាងឆ្នាំមុនបន្តិច ពោលគឺ ១គីឡូក្រាម ថ្លៃ ១២០០រៀល សម្រាប់ទីផ្សារប្រទេសវៀតណាម និងប្រទេសថៃ ហើយសម្រាប់ទីផ្សារក្នុងស្រុកគឺ បាន ១០០០រៀល ខណៈឆ្នាំមុនការនាំចេញបាន ១៥០០រៀល។

អ្នកស្រីបន្តថា ក្នុង ១ឆ្នាំ ល្ពៅអាចដាំដុះបានចំនួន ២ដង ដោយលើកទី១ ចន្លោះពីខែមេសា ដល់ខែកក្កដា និងលើកទី២ ចាប់ពីខែសីហា ដល់ខែវិច្ឆិកា។ ក្នុង១លើកៗ លើផ្ទៃដី ៦០ហិកតា អាចប្រមូលផលបានជាង ២០០តោន ប៉ុន្តែបើអាកាសធាតុអំណោយផលមានភ្លៀងធ្លាក់គ្រប់គ្រាន់ អាចកើនឡើងច្រើនជាងនេះ។ ក្រៅពីល្ពៅ ដែលដាំខ្លួនឯង អ្នកស្រីក៏ប្រមូលទិញពីប្រជាពលរដ្ឋតាមភូមិផងដែរ សម្រាប់លក់បន្តទាំងក្នុងស្រុក និងនាំចេញ។

ទោះបីជាដំណាំល្ពៅមានទីផ្សារល្អ តែអ្នកស្រី ស៊ីម មុំ នៅតែមានការព្រួយបារម្ភខ្លាចគ្មានការបញ្ជាទិញពីឈ្មួញនៅប្រទេសថៃ និងប្រទេសវៀតណាម ព្រោះជំងឺកូវីដ-១៩ កំពុងបន្តរាលដាលខ្លាំងនាពេលបច្ចុប្បន្ន ហើយទីផ្សាល្ពៅ នៅពឹងផ្អែកខ្លាំងលើការនាំចេញ ខណៈនៅក្នុងស្រុក លក់បានយ៉ាងច្រើនខ្ទង់ ៥០តោនប៉ុណ្ណោះ ក្នុងពេលប្រមូលផលម្តង។

ពាក់ព័ន្ធនឹងដំណាំល្ពៅនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សម្រាប់ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋដាំដំណាំល្ពៅជាង ១០០ហិកតា ហើយភាគច្រើនៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ។ លោកថា ល្ពៅនៅតែមានទីផ្សារល្អជាងដំណាំមួយចំនួន ទាំងការលក់ក្នុងស្រុក និងការនាំចេញទៅលក់នៅក្រៅប្រទេស៕

ដោយ៖ ជឹង សេងឡុង