ព័ត៌មានជាតិ

ពលករខ្មែរជាង ១៥០នាក់ កំពុងជាប់នៅព្រំដែនក្នុងទឹកដីថៃ ជាប់ខេត្តបន្ទាយមានជ័យ ខណៈរាជរដ្ឋាភិបាលបិទខ្ទប់ព្រំដែន

image

បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍ជាបឋម អំពីស្ថានភាពពលករប្រចាំថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យ មានពលករសរុបចំនួន ២៤៧នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ​ ចំពេលដែលរាជរដ្ឋាភិបាលកម្ពុជា​បិទខ្ទប់ព្រំដែនរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩បម្លែងថ្មី ដែលតា(Delta) ដែលឆ្លងតាមរយៈពលករមកពីប្រទេសថៃ។

ក្នុងរបាយការណ៍ជាបឋម បានបញ្ជាក់ថា ក្នុងចំណោមពលរកដែលទើបត្រឡប់មក​ពីប្រទេសថៃ​ ទាំង២៤៧នាក់នោះ គឺ មកដល់ក្នុងទឹកដីកម្ពុជាចំនួន ៩៥នាក់(ស្រី៤៥នាក់) ចំណែកនៅក្នុងទឹកដីថៃ ចំនួន ១៥២នាក់។ ចំពោះពលករដែលបានមកដល់ក្នុងទឹកដីប្រទេសកម្ពុជា អាជ្ញាធរកម្ពុជា ជាអ្នកទទួលខុសត្រូវ ដោយយកពួកគេទៅយកសំណាករកកូវីដ-១៩ ដែលភាគច្រើន ពួកគេត្រូវបានរកឃើញផ្ទុកកូវីដ-១៩ ប្រភេទេថ្មីដែលតា (Delta) ហើយពួកគេត្រូវបញ្ជូនទៅកន្លែងព្យាបាល ចំណែកអ្នកមិនឆ្លងយកទៅដាក់នៅកន្លែង​ធ្វើចត្តាឡីស័ក ២១ថ្ងៃ។

ដោយឡែកសម្រាប់ពលរកដែលជាប់នៅប្រទេសថៃនោះ ដោយសារតែអាជ្ញាធរកម្ពុជា មិនអនុញ្ញាតឱ្យពួកគាត់ចូលមក។ នេះមិនមែនមានន័យថា ដាក់ពួកគាត់ចោល​នៅក្នុងទឹកដីថៃនោះទេ ប៉ុន្តែដោយសារអាជ្ញាធរកម្ពុជា អនុវត្តសេចក្តីសម្រេចបិទទ្ទប់ព្រំដែលដោយរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ បានឱ្យដឹងថា ដោយសារតែកងកម្លាំងតាមព្រំដែន អនុវត្តតាមបទបញ្ហាបិទខ្ទប់ព្រំដែនដោយរាជរដ្ឋាភិបាល ទើបមិនអនុញ្ញាតឱ្យ​ពលកទាំងនោះ ចូលមកទឹកដីកម្ពុជានោះទេ ប៉ុន្តែអាជ្ញាធរកម្ពុជា បានសហការ​ជាមួយអាជ្ញាធរថៃ ក្នុងការផ្តល់កន្លែងស្នាក់នៅក្នុងទឹកដីថៃ ដើម្បីឱ្យពួកគេបានស្នាក់នៅណ្តោះអាសន្ន ទោះជាពួកគេត្រូវបានរកឃើញ​ផ្ទុកជំងឺកូវីដ-១៩ក៏ដោយ។ ចំណែកការហូបចុក និងសម្ភារផ្សេងៗខាងកម្ពុជា​អ្នករ៉ាប់​រង​ទាំងអស់ ដូចជាអាហារហូបចុក តង់ ម៉ុង ភួយ ជាដើម។ ក្រៅពីនេះ ក៏មានជំនួយ​ផ្សេងៗទៀតផងដែរ ដែលខាងកុងស៊ុលកម្ពុជា ប្រចាំស្រុកអារញ្ញ ប្រទេសថៃ ក៏បានជួយដល់ពួកគេផងដែរ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានបញ្ជាក់ថា ចំំពោះអ្នកជំងឺកូវីដ-១៩​ដែលមានសភាពធ្ងន់ធ្ងរនៅក្នុងទឹកដីប្រទេសថៃនោះ អាជ្ញាធរ​នឹងធ្វើការពិនិត្យ​យ៉ាងដិតដល់ ឬក៏ធ្វើការបញ្ជូនពួកគេមកធ្វើការព្យាបាលនៅក្នុងទឹកដីកម្ពុជាតែម្តង ដែលជាលក្ខណៈពិសេស និងជាការទទួលខុសត្រូវរបស់អាជ្ញាធរកម្ពុជាចំពោះពលរដ្ឋខ្លួន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្ត្រ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា(Delta)។ ការបិទខ្ទប់នេះ គឺមិនអនុញ្ញាតឱ្យមានប្រជាពលរដ្ឋធ្វើការឆ្លងកាត់ជាដាច់ខាត ប៉ុន្តែការដោះដូរជំនិញនៅដំណើរការជាធម្មតា៕