ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសអាស៊ាន គាំទ្រកិច្ចសហការជាមួយសាធារណរដ្ឋកូរ៉េ​ ប្រឆាំងជំងឺកូវីដ១៩ រយៈពេលវែង

image

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន​និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី​លើកទី២២ ដែលរៀបចំឡើងស្របពេលជា មួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៤ កាលពីថ្ងៃទី៣ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ 

កិច្ចប្រជុំបានអបអរសាទរវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសន្ទនាអាស៊ាន- សាធារណរដ្ឋកូរ៉េ រួមមានតាមរយៈគោលនយោ បាយទិសខាងត្បូងថ្មីបូក (NSPP) របស់សាធា រណរដ្ឋកូរ៉េ ។

 ក្នុងន័យនេះ អាស៊ានបានគាំទ្រចំពោះសំណើរបស់ សាធារណរដ្ឋកូរ៉េ សម្រាប់សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណ រដ្ឋកូរ៉េ ដែលស្របគ្នាជា មួយគោលនយោបាយទិសខាងត្បូងថ្មីបូក (NSPP)  និងយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន។

យោង តាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការ បរទេស នៅថ្ងៃទី៤ខែសីហាឆ្នាំ២០២១នេះ។

 អាស៊ានបានស្វាគមន៍សំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកយន្តការសាធារណរដ្ឋកូរ៉េ ។  

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការគាំទ្រយ៉ាងមុតមាំរបស់សាធារណរដ្ឋកូរ៉េ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ- ១៩ រួមមានការរៀបចំកិច្ចសន្ទនាសុខុមាលភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាដើម។  

កិច្ចប្រជុំក៏បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ចរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យមួយចំនួនដូចជាសុខភាពសាធា រណៈ និងវ៉ាក់សាំងពហុភាគីនិយម ពាណិជ្ជកម្ម និងវិនិយោគ ការជំរុញវិស័យសហគ្រាសមីក្រ តូច និងមធ្យម (MSMEs) ហិរញ្ញវត្ថុ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ហេដ្ឋារចនាសម័្ពន្ធ និងការអភិវឌ្ឍបៃ តង ការដឹកជញ្ជូនតាមផ្លូវអាកាស ការអប់រំឌីជី ថល សំដៅសម្រួលដល់ការស្តារឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាត និងរក្សាបាននូវកំណើនក្នុងរយៈពេលវែង។  

រដ្ឋមន្រ្តីការបរទេសក៏បានឯកភាពបន្តការងារលើការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅ ក្នុងតំបន់ រួមមានតាមរយៈការពង្រឹងកិច្ចសហការក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខប្រព័ន្ធអ៊ិនធឺរណែត។ ភ្ជាប់ជាមួយគ្នានេះរដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានកោត សរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធា រណរដ្ឋកូរ៉េ ក្នុងការនាំមកនូវសន្តិភាពយូរអង្វែងដល់ឧបទ្វីបកូរ៉េ និងបានសាទរចំពោះកិច្ចព្រម ព្រៀងដែលទើបសម្រេចបាននាពេលថ្មីៗនេះ ដើម្បីបើកឱ្យដំណើរការជាថ្មីនូវការិយាល័យសម្រប សម្រួលអន្តរកូរ៉េ។ 

នៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំឡើងនៅក្នុងវិស័យការអភិវឌ្ឍធនធាន មនុស្ស ទីក្រុងឆ្លាតការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង។ 

លោកឧបនាយករដ្ឋមន្ត្រី បានឆ្លៀត ឱកាសធ្វើការថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការផ្តល់ជំនួយវ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត ជូនដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩៕ 

ដោយ វង សុភ័ក្ត្រ