ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ត្រូវបានគេឃើញមានបង់រុំរបួសនៅលើក្បាល  

image

ព្យុងយ៉ាង៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានចេញផ្សាយវីដេអូមួយដែលបង្ហាញឲ្យឃើញលោក គីម ជុងអ៊ុន (Kim Jong Un) មានបង់រុំរបួសនៅក្បាលផ្នែកខាងក្រោយនៅពេលដែលលោកបានចូលរួមសិក្ខាសាលាលើកដំបូងរបស់ក្រុមមន្ត្រីនយោបាយនិងមេបញ្ជាការកងទ័ពប្រជាជនកូរ៉េ (KPA) ។

នៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ, លោក គីម ត្រូវបានគេឃើញមានបិទបង់នៅលើក្បាលរបស់គាត់នៅឯកិច្ចប្រជុំដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ខែកក្កដាកន្លងមក។

បង់រុំនោះត្រូវបានបកចេញនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំនោះ ហើយគេឃើញមានស្នាមខ្មៅមួយដុំដោយបង្កឲ្យមានការសង្ស័យសាជាថ្មីអំពីបញ្ហាសុខភាពរបស់គាត់។

ស្របពេលជាមួយគ្នានោះ ក្រុមសមាជិកសភាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា សេវាចារកម្មជាតិកូរ៉េខាងត្បូងបានវាយតម្លៃថា លោក គីម មិនមានបញ្ហាសុខភាពទេ ហើយក៏មិនមានស្លាកស្នាមរបួសនៅលើក្បាលរបស់គាត់ដែរ៕