ព័ត៌មានជាតិ

រកឃើញវិជ្ជមានកូវីដ១៩ ចំនួន២ករណីទៀត ក្នុងប្រតិបត្តិការស្វែងរកអ្នកសង្ស័យ ពាក់ព័ន្ធអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មី «ដែលតា» នៅសង្កាត់កាកាប១

image

  អត្ថបទ ៖ សន ពិសិដ្ឋ 

  ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យដែលជាប់ពាក់ព័ន្ធ ជាមួយអ្នកដែលបានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) នៅព្រឹកថ្ងៃទី៤ ខែសីហានេះ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

  គួររំលឹកថា កាលពីយប់ថ្ងៃទី២ ខែសីហា នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យដែលជាប់ពាក់ព័ន្ធ ជាមួយអ្នកដែលបានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យនេះ, ក្រុមគ្រូពេទ្យ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៨នាក់ ក្នុងនោះស្រីមាន៥នាក់។

  សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា លើពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន២៦០នាក់ ក្នុងនោះស្ត្រីមាន១២៥នាក់។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញផ្សាយនាព្រឹកនេះ៕