ព័ត៌មានជាតិ

សូមបង្កើនការប្រុងប្រយ័ត្ន! ខេត្តបាត់ដំបង បន្តរកឃើញករណីវីរុសកូវីដ១៩ ប្រភេទ Delta ១ករណីទៀត ធ្វើឱ្យអ្នកជំងឺកើនដល់ ១២ករណី និងព្យាបាលជា ៦ករណី 

image

បាត់ដំបង៖ អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា  នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលក្នុងខេត្តបាត់ដំបង សរុបទាំងអស់ចំនួន ១ ៤៩៩នាក់ ករណីធ្ងន់ចំនួន ១៥៥នាក់ ក្នុងនោះមានស្ត្រីចំនួន៨៩នាក់ គឺនៅព្យាបាលមណ្ឌលវិទ្យាល័យសម្តេចឪ ។ 

លោកបានបន្តទៀតថា បច្ចុប្បន្នខេត្តបាត់ដំបងមានមណ្ឌលព្យាបាល សរុប១៤មណ្ឌល មណ្ឌលចត្តាឡីស័ក ៣៨មណ្ឌល ចំពោះវត្តមានជំងឺឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ខេត្តបាត់ដំបងមានវត្តមានជំងឺប្រភេទនេះចាប់តាំងពីខែឧសភា មកដល់នឹងពេលនេះ មានចំនួន១២នាក់ ជាសះស្បើយចំនួន៦នាក់ កំពុងព្យាបាលបន្តចំនួន៦នាក់ នៅស្រុកកំរៀងចំនួន៤នាក់ មណ្ឌលវិទ្យាល័យសម្តេចឪ១នាក់ និងស្រុករតនៈមណ្ឌល១នាក់ ហើយអ្នកជំងឺកូវីដ១៩ប្រភេទ Delta ទាំង១២នាក់ គឺជាពកករទើបមកពីប្រទេសថៃទាំងអស់ ។ 

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបញ្ជាក់ឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ វីរុសកូវីដ១៩ ប្រភេទ Delta នេះមិនទាន់មានការឆ្លងដល់សហគមន៍ ក្នុងខេត្តបាត់ដំបងនៅឡើយនោះដែរ ។ 

យ៉ាងណាក៏ដោយ ក៏លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅតែធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមបន្តការចូលរួមជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីអនុវត្តន៍នូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារ សហគមន៍និងប្រទេសជាតិយើង បានរួចផុតពីការឆ្លងជំងឺកូវីដ១៩ ជាពិសេសវីរូសបំប្លែថ្មីប្រភេទ Delta ៕ដោយ៖ ឡាច សុគន្ធាវី