ព័ត៌មានជាតិ

សហភាពអឺរ៉ុបគាំទ្រជំរុញការអភិវឌ្ឍធុរកិច្ចឯកជនក្នុងវិស័យជលផល ក្រោយប្រមូលផល

image

អត្ថបទ ៖  យ៉ង  សុភា

ភ្នំពេញ៖ ដោយមានការគាំទ្រពីសហគមន៍អឺរ៉ុប អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បាន     សហការ ជាមួយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសដាក់ឱ្យដំណើរការកម្មវិធី គាំទ្រសហគ្រាសជលផលខ្នាតតូច មធ្យម និងធំ (VCIS) ក្នុងគោលបំណងគាំទ្រដល់សហគ្រាសកែច្នៃផល ជលផលក្រោយប្រមូលផលខ្នាតតូច មធ្យម និងធំនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចឯកជនក្នុងវិស័យជលផល ក្រោយប្រមូលផល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ «គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល» នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។

លោក ពុំ សុថា អគ្គនាយករដ្ឋបាលជល បានលើកឡើងថា VCIS ផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងឧបករណ៍ដល់សហគ្រិនកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មជាស្ត្រីនិងយុវជនក្នុងវិស័យជលផលក្រោយប្រមូលផល។ VCIS ផ្តល់ការគាំទ្រដែលមានតម្លៃចាប់ពី ២៥,០០០ ដុល្លារទៅ ១០០,០០០ ដុល្លារ សម្រាប់សហគ្រាសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្មឱ្យស្របទៅនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ និងតម្រូវការទីផ្សារ។ ការទទួលពាក្យស្នើសុំរបស់ VCIS នឹងប្រព្រឹត្តិឡើងជាប្រចាំខែដោយជុំទីមួយចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ 

លោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានលើកឡើងថា កម្មវិធី VCIS គឺជាគម្រោងវិនិយោគរួមគ្នាដើម្បីជួយដល់ប្រតិបត្តិករអាជីវកម្មកែច្នៃផលជលផលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់កែលម្អលក្ខខណ្ឌផលិត និងបន្ថែមតម្លៃលើផលិតផលរបស់ខ្លួនតាមរយៈការទទួលបានវិញ្ញាបនប័ត្រ សុវត្ថិភាពចំណីអាហារ ដែលនឹងរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់ផលិតផលទាំងនោះនៅលើទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។ 

សូមបញ្ជាក់ថា VCIS មានគម្រោងដាក់ទុនវិនិយោគរួមជាង ៥លានដុល្លារ ដើម្បីគាំទ្រសហគ្រាសកែច្នៃផលិតផលជលផលប្រមាណ ១០០កន្លែង និងផ្នែកទាក់ទងផ្សេងៗជាច្រើនទៀតក្នុងខ្សែច្រវាក់តម្លៃផ្នែកជលផលក្រោយប្រមូលផល៕