ព័ត៌មានជាតិ

អាណាព្យាបាល កុមារនិងជំទង់ នីស្រុកព្រៃនប់ ត្រេកអរសប្បាយចិត្ត ខណៈ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩  ជាង ១ម៉ឺននាក់

image

អត្ថបទ៖ ប៉ៃ សុឃីម

ព្រះសីហនុ៖ យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ អាយុ ១២ ឆ្នាំ ដល់អាយុក្រោម ១៨ ឆ្នាំ នៅក្នុងស្រុកព្រៃនប់ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន នៅព្រឹកថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២១ នេះ ខណៈលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងដល់កុមារនិងក្មេងជំទង់ នៅក្នុងស្រុកព្រៃនប់។

 នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ  មានប្រសាសន៍ ថា ត្រូវនាំកូនមកចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ទាំងអស់នេះគឺដោយការខិតខំ របស់សម្ដេចតេជោ ​ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ  ក្មួយក្មួយកុមារ និងក្មេងជំទង់ដោយឥតគិតថ្លៃ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៏បានសំណូមពរឲ្យ ក្មួយៗកុមារទាំងអស់ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់ត្រូវខិតខំសិក្សារៀនសូត្រតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញឲ្យបានគ្រប់ៗគ្នា ទាំងអស់នេះគឺជាការចូលរួមលើកស្ទួយ ចំណេះដឹងនៅក្នុងបរិបទនៃជំងឺកូវីដ១៩ មិនទាន់បានធូរស្បើយនៅឡើយ ព្រោះប្អូនៗទាំងអស់នេះហើយ គឺជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍ សង្គម គ្រួសារ និងសង្គមជាតិនៅថ្ងៃអនាគត។ ហើយត្រូវចូលរួម គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនទើបយើងចូលរួម កុំឲ្យមានការឆ្លងនូវជំងឺដ៏កាចសាហាវនេះបាន។

យោងតាម លោក ស កក្កដា អភិបាលស្រុកបានឲ្យដឹងថាចំពោះប្អូនប្អូន កុមារ និងជំទង់ ពី ១២ឆ្នាំដល់ក្រោម១៨ ឆ្នាំ ទូទាំងស្រុកព្រៃនប់មានចំនួន ជាង ១ ម៉ឺន ៤ពាន់នាក់ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

មាន ៤ទីតាំង រួមមានទីតាំង ឃុំ អូរឧកញ៉ាហេង ឃុំសំរ៉ុង ឃុំជើងគោនិងឃុំ ទឹកល្អ ហើយយុទ្ធនាការ ចាក់វ៉ាក់សាំងនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍៕