ព័ត៌មានជាតិ

ឈើចំនួន ២៥១សន្លឹក ត្រូវបានអាវុធហត្ថខេត្តក្រចេះបង្ក្រាប និងរឹបអូស តែរកម្ចាស់មិនឃើញ

image

ក្រចេះ៖ ឈើអាប្រភេទលេខ២ ជាប្រភេទឈើខ្លុង ចំនួន ២៥១សន្លឹក ស្មើនឹង ៣,៣៣៦ម៉ែត្រគូប ត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះ ចុះបង្ក្រាប និងរឹបអូសបាន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចអូរត្រុំ ភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងករណីនេះ គ្មានម្ចាស់ចេញមកទទួលខុសត្រូវទេ។

 

ទោះយ៉ាងនេះក៏ដោយ កម្លាំងអាវុធហត្ថ បានយកវត្ថុតាងទៅរក្សាទុកជាបណ្ដោះអាសន្ន នៅស្ថានីយបណ្ដុះកូនឈើនៃផ្នែកព្រៃឈើខេត្តក្រចេះ ដើម្បីចាត់ការទៅតាមនីតិវិធី​ច្បាប់ស្ដីពី ព្រៃឈើ។ ចំណែកជនល្មើសសមត្ថកិច្ច​កំពុងស្រាវជ្រាយរកដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់។ 

សូមបញ្ជាក់ថា ក្នុងការបង្ក្រាបឈើដ៏ច្រើននេះ ដឹកនាំដោយ លោក សន ចំរ៉ុង អភិបាលរងស្រុកចិត្របុរី និងជាគណ:បញ្ជាការឯកភាព ស្រុកចិត្របុរី និងមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងសហការពី លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ៕