ព័ត៌មានអន្តរជាតិ

កងទ័ពអាហ្វហ្គានីស្ថានព្រមានឲ្យពលរដ្ឋភៀសខ្លួនមុនពេលបើកការវាយបកទៅលើក្រុមតាលីបង់

image

កាប៊ុល៖ នៅថ្ងៃពុធនេះ កងទ័ពអាហ្វហ្គានីស្ថានបានរៀបចំផែនការបើកការវាយបកទ្រង់ទ្រាយធំដើម្បីបណ្តេញក្រុមតាលីបង់ចេញពីទីក្រុងដ៏សំខាន់មួយនៅភាគខាងត្បូងដោយព្រមានឲ្យពលរដ្ឋត្រូវតែភៀសខ្លួនចេញពីផ្ទះរបស់ពួកគេជាបន្ទាន់។

ជនស៊ីវិលរាប់សិបបានបាត់បង់ជីវិតរួចទៅហើយនៅក្នុងការប្រយុទ្ធគ្នាដណ្តើមទីក្រុងឡាស់ខាហ្គា (Lashkar Gah) ក្នុងគ្រាដែលមានការព្រួយបារម្ភថាក្រុងមួយនេះអាចក្លាយជាទីរួមខេត្តដំបូងគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលនឹងធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ក្រុមតាលីបង់ចាប់តាំងពីក្រុមនេះបើការវាយលុកនៅទូទាំងប្រទេសកាលពីខែឧសភាមក។

ក្រុមតាលីបង់វាយដណ្តើមគ្រប់គ្រងបានតំបន់ជាច្រើននៅជនបទនិងទីក្រុងសំខាន់ៗនៅព្រំដែនចាប់តាំងកងកម្លាំងអាមេរិកបានចាប់ផ្ដើមដកចេញបន្ទាប់ពីបានធ្វើសង្គ្រាមអស់រយៈពេល ២០ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ឥលូវនេះពួកគេកំពុងដាក់គោលដៅវាយដណ្តើមគ្រប់គ្រងតំបន់ជាយក្រុងដោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាចាប់តាំងពីសប្តាហ៍មុននៅក្នុងទីក្រុងហេរ៉ាត់ (Herat) ក្បែរព្រំដែនភាគខាងលិចជាប់អ៊ីរ៉ង់ និងទីក្រុង កាន់ដាហា (Kandahar) នៅភាគខាងត្បូងព្រមទាំងទីក្រុងឡាស់ខាហ្គា (Lashkar Gah)។

កាលពីយប់ថ្ងៃអង្គារក៏មានអំពើហិង្សាកើតឡើងនៅក្នុងរដ្ឋធានីកាប៊ុលផងដែរដោយមានការវាយប្រហារដោយកាំភ្លើងនិងគ្រាប់បែកដាក់គោលដៅទៅលើរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានលោក ប៊ីសមីឡាស ម៉ូហាម៉ាឌី (Bismillah Mohammadi) និងអ្នកនយោបាយដទៃទៀតដែលបង្កឲ្យមនុស្សយ៉ាងហោច៤នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ក្រុមអ្នកវាយប្រហារត្រូវបានបង្ក្រាប ខណៈដែលលោក ម៉ូហាម៉ាឌី (Mohammadi) មានសុវត្ថិភាព៕